អន្តរជាតិ

កំពូលតារាចម្រៀងShakiraប្រឈមនឹងការស៊ើបអង្កេតទៀតពីបទក្លែងបន្លំពន្ធ១៦.២ លានដុល្លារ

By  and , CNN

កែសម្រួល៖ រ៉ាម៉េត

កាលពីថ្ងៃព្រហស្បតិ៍តុលាការអេស្ប៉ាញបាននិយាយថាចៅក្រមទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញបានបើកការស៊ើបអង្កេតជាលើកទីពីរលើករណីចោទប្រកាន់ពីបទក្លែងបន្លំពន្ធដោយ Shakira ដែលជាកំពូលតារាចម្រៀងឈ្នះពានរង្វាន់ Grammy ។

ការិយាល័យសារព័ត៌មាននៃក្រសួងយុត្តិធម៌ Catalonia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាចៅក្រមស៊ើបអង្កេត Barcelona នៃតំបន់ Esplugues de Llobregat បានបើកការស៊ើបអង្កេតលើបណ្តឹងរបស់រដ្ឋអាជ្ញាប្រឆាំងនឹងតារាចម្រៀង Shakira ចំនួនពីរករណីស្តីពីការក្លែងបន្លំពន្ធកាលពីឆ្នាំ ២០១៨ ។

Shakira កំពុងរង់ចាំការបើកសវនាការលើបទចោទប្រកាន់ថាបានគេចពន្ធចំនួន ១៦.២ លានដុល្លារនៅចន្លោះពីឆ្នាំ ២០១២, ២០១៣ និង ២០១៤ ។

កំពូលតារា​ចម្រៀងដែលមាន​ដើម​កំណើតមកពី​កូឡុំប៊ីបច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង​ម៉ៃអាមី មុន​នេះ​បាន​ច្រានចោលទាំងស្រុងលើការ​ចោទ​ប្រកាន់​ពីបទ​​ក្លែង​បន្លំ​ពន្ធ​នៅក្នុង​ចន្លោះ​ឆ្នាំ ២០១២-២០១៤។ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍តារាចម្រៀង Shakira បាន​បញ្ជាក់សា​ជា​ថ្មីអំ​ពី​ភាពស្អាតស្អំរបស់នាង។

ក្រុមហ៊ុនទំនាក់ទំនងសាធារណៈបានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកយកព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា “ដូចដែលShakira ធ្លាប់បានបញ្ជាក់រួចមកហើយថាគាត់តែងតែប្រព្រឹត្តតាមច្បាប់និងក្រោមការណែនាំរបស់អ្នកជំនាញពន្ធបានយ៉ាងល្អបំផុត”  “ឥឡូវនេះនាងកំពុងរក្សាភាពស្ងប់ស្ងាត់ដើម្បីផ្តោតលើជីវិតសិល្បៈរបស់នាងនៅទីក្រុង Miami ហើយនាងមានទំនុកចិត្តនៅក្នុងដំណោះស្រាយការបង់ពន្ធរបស់នាង”។

តារាចម្រៀង Shakira នៅមិន​ទាន់​បាន​ទទួល​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​អំពី​ការ​ស៊ើប​អង្កេតលើក​ចុង​ក្រោយ​​នោះ​ទេ ហើយ​នាង​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​នៅ​ឯផ្ទះ​របស់​នាងនៅ Miami នេះ​បើយោង​តាម​ក្រុមអ្នកការពារ​ច្បាប់​របស់​នាង។

កាលពីខែកក្កដាឆ្នាំ ២០២១ ចៅក្រមនៃតុលាការ Barcelona បានសំរេចថានឹងបើកសវនាការលើករណីរបស់នាងពីបទគេចពន្ធ។ សេចក្តីសម្រេចរបស់តុលាការ Barcelona ដែលទទួលបានដោយ CNN ចៅក្រមស៊ើបអង្កេតបាននិយាយថាចៅក្រមមាន “ភស្តុតាងគ្រប់គ្រាន់” ដើម្បីបើកសវនាការលើករណីគេចពន្ធនៅក្នុងចន្លោះឆ្នាំ ២០១២, ២០១៣ និង ២០១៤ ដែលត្រូវបានចោទប្រកាន់លើរូប នាង Shakira ។

លោក Marco Jesús Juberías ដែលជាចៅក្រមសើបអង្កេតបានអះអាងថា Shakira រស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេល ៣ ឆ្នាំហើយនៅក្នុងឆ្នាំនីមួយៗនាងត្រូវទទួលខុសត្រូវលើការបង់ពន្ធជូនរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយអេស្បាញបានរាយការណ៍ថា ក្រុមអ្នកការពារ​ច្បាប់​របស់ Shakira បានច្រានចោលការចោទប្រកាន់ដោយអះអាងថាលំនៅឋានសំខាន់របស់នាងគឺនៅក្នុង Bahamas ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថានាងមានផ្ទះនៅក្នុងតំបន់ Barcelona ជាមួយអតីតដៃគូរបស់នាងគឺ Gerard Pique ដែលជាអតីតខ្សែការពារបាល់ទាត់របស់ FC Barcelona ។

Pique និង Shakira ដែល​មាន​កូន​ពីរ​នាក់​ជាមួយ​គ្នា​បាន​ប្រកាស​លែងលះគ្នា​នៅ​ខែ​មិថុនា ឆ្នាំ ២០២២។

ចៅក្រមសើបអង្កេតបានអះអាងថានាង Shakira និងទីប្រឹក្សាហិរញ្ញវត្ថុរបស់នាងដែលមានឈ្មោះក្នុងសំណុំរឿងបានប្រើប្រាស់ក្រុមហ៊ុនជាបន្តបន្ទាប់នៅក្នុងកន្លែងបង់ពន្ធនៅខាងក្រៅប្រទេសដើម្បីព្យាយាមបិទបាំងប្រភពចំណូលរបស់នាងនៅក្នុងចន្លោះប៉ុន្មានឆ្នាំកន្លងមកនោះ៕

ប្រភព៖ CNN