ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យមើលសំណង់ទប់ដីច្រាំងទន្លេក្បែរស្ពានសេកុង

ដោយ៖សុខុម

ស្ទឹងត្រែង៖ ឯកឧត្តមស្វាយសំអ៊ាងអភិបាលខេត្តស្ទឹងត្រែងបានដឹកនាំមន្រ្តីជំនាញបច្ចេកទេសចុះពិនិត្យមើលគម្រោងសាងសង់ទប់ដីច្រាំងទន្លេក្បែរស្ពានសេកុងកាលពីល្ងាចថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣។

សំណង់កំពុងចាក់គ្រឹះបេតុងដ៏រឹងមាំនោះ ស្ថិតក្នុងគម្រោងត្រូវសង់ ចាប់ពីស្ពានមិត្តភាពកម្ពុជា -ចិនសេកុង ដល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ ដែលមានចម្ងាយជាង ៦ គីឡូម៉ែត្រ ដោយបច្ចុប្បន្នកំពុងតែបន្តសាងសង់បន្ថែមទៀត។នៅក្នុងឆ្នាំ២០២៣គម្រោង នេះគឺត្រូវសង់ឱ្យបានប្រវែង២៥៦ម៉ែត្រ ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេ ដែលអាចប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែងទាំងមូល ។

ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងនៅពេលចុះពិនិត្យមើលការដ្ឋាននោះថានេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ឲ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការសាងសង់សំណង់នេះរួចក៏ នឹងលើកកម្ពស់សោភ័ណភាព ក្រុងស្ទឹងត្រែង ក៏ដូចជា ការរួមចំណែក បង្ការនិងការពារការបាក់ស្រុត ច្រាំងទន្លេ កើតឡើងដោយគ្រោះធម្មជាតិ។ ម្យ៉ាងវិញទៀតធ្វើឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរពេលមកកម្សាន្ត នៅខេត្តស្ទឹងត្រែង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបន្តថា  គម្រោងសាងសង់ច្រាំងទន្លេ ចម្ងាយជាង ៦ គីឡូម៉ែត្រ បានសាងសង់ជាដំណាក់កាល ច្រើនឆ្នាំមកហើយ ហើយឆ្នាំ២០២៣ យើងសាងសង់ បន្ថែមទៀត ប្រវែង ២៥៦ ម៉ែត្រ នៅក្រោមស្ពានមិត្តភាព កម្ពុជា- ចិន សេកុងនិងបន្តសាងសង់ជាបន្តបន្ទាប់នៅឆ្នាំខាងមុខទៀត៕