សន្ដិសុខសង្គម

ស្រ្តីជាកម្មកររោងចក្រអ្នកខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ក្នុងហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូ

ដោយ៖សុខុម

ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូហើយត្រូវម៉ូតូភាគីមួយទៀតជិះលឿនបុកគ្នាពេញទំហឹង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា៖ នារីរងគ្រោះដែលស្លាប់ឈ្មោះស្រីណា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រនៅកំបូល មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុថា៖ ដំបូងគេឃើញបុរសម្នាក់ដឹកស្ត្រីម្នាក់តាមម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JQ.9180 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិចលឿន។មកដល់ចំណុចកើតហេតុក៏ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូម៉ាកZOOMER X ពណ៌ក្រហម ពាក់ផ្លាកលេខព្រៃវែង1L.3086 តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿនមកបុកពេញទំហឹងតែម្តងបណ្ដាលឲ្យស្ត្រីរួមដំណើរតាមម៉ូតូជាមួយនឹងបុរសខាងម៉ូតូឌ្រីមសេ១២៥ស្លាប់ភ្លាមៗ។រីឯខាងម៉ូតូ zoomer x រងរបួសធ្ងន់ទាំងពីរនាក់ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិត។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យ​សាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យ៕