អន្តរជាតិ

មេទាហានស៊ីឈ្នួលWagner លោក Prigozhin ប្រាប់កូនចៅឲ្យត្រៀមចាកចេញទៅតំបន់អាហ្វ្រិក

ប្រែសម្រួល៖សហការី

យោងតាមឃ្លីបវីដេអូថ្មីមួយដែលត្រូវបានគេបង្ហោះឡើងបានបង្ហាញឲ្យឃើញមេទាហានទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានចេញមកស្វាគមន៍កូនទាហានរបស់គាត់នៅក្នុងប្រទេសបេឡារុស្សហើយបានប្រាប់ពួកគេថាពួកគេមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនតទៅទៀតទេក៏ប៉ុន្តែពួកគេត្រូវត្រៀមខ្លួនសម្រាប់ “ដំណើរទៅកាន់តំបន់អាហ្វ្រិក”។

យោងតាមខ្សែវីដេអូដែលត្រូវបានគេផ្សព្វផ្សាយដោយក្រុមផ្តល់សេវាកម្មសារព័ត៌មានរបស់លោក Prigozhin ដែលបង្ហោះនៅលើប្រព័ន្ធ Telegram កាលពីថ្ងៃពុធ គឺជាឃ្លីបវីដេអូដំបូងបង្អស់ដែលបង្ហាញពីការលាក់ខ្លួនរបស់គាត់ចាប់តាំងពីបរាជ័យក្នុងការបះបោររបស់ក្រុម Wagner កាលពីខែមុនប្រឆាំងនឹងមេយោធាកំពូលរបស់រុស្ស៊ី។

Prigozhin បាននិយាយថា “សូមស្វាគមន៍ចំពោះបងប្អូនប្រុសស្រីនឹងសូមស្វាគមន៍ការមកដល់ទឹកដីបេឡារុស្ស” ។

គាត់​បាន​បន្ថែម​ថា៖ “យើង​បាន​ប្រយុទ្ធប្រកបដោយ​ដោយ​កិត្តិយសអ្នកបានលះបង់ដ៏អស្ចារ្យសម្រាប់ប្រទេសរុស្ស៊ី។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ខាង​មុខ​គឺ​ជា​ភាពដ៏អាម៉ាស់​មួយ​ដែល​យើង​មិន​ចាំ​បាច់​ចូល​រួមទៀតនោះទេ” ។

នៅក្នុងថ្ងៃទី ២៣ នឹង ២៤ ខែមិថុនា កងទ័ពរបស់ Prigozhin បានដណ្តើមកាន់កាប់ទីក្រុង Rostov-on-Don ភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងមជ្ឈមណ្ឌលបញ្ជាការយោធារបស់ខ្លួនដែលដឹកនាំសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន។ ហើយពួកគេ​បាន​បើកឡានជា​ក្បួនប្រកបដោយ​អាវុធគ្រប់ដៃស្ថិតនៅ​​ចម្ងាយ ២០០ គីឡូម៉ែត្រ នៃ​រដ្ឋធានី​មូស្គូ នេះបើតាម​សម្តីរបស់​លោក Prigozhin បាន​និយាយ​ថា​វាជា “ការ​ដើរ​ក្បួន​យោធាដើម្បី​ទាមទារកយុត្តិធម៌” ក្នុង​គោលបំណង​ដក​មេបញ្ជាការ​ដែលអសមត្ថភាពនឹង

ពុករលួយរបស់​រុស្ស៊ី។ ដំបូងឡើយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងកម្ទេចការបះបោរ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកក៏លេចចេញជាកិច្ចព្រមព្រៀងមួយក្រោយពីមានការសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ហើយក៏បានបញ្ចៀសការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ។

នៅក្រោមកិច្ចព្រមព្រៀងនេះលោក Prigozhin និងទាហានស៊ីឈ្នួលរបស់គាត់ត្រូវបានគេរំពឹងថានឹងផ្លាស់ទីប្រតិបត្តិការទៅបេឡារុស្ស។

ប៉ុន្តែលោកប្រធានាធិបតីបេឡារុស្ស Lukashenko បាននិយាយកាលពីដើមខែនេះថាលោក Prigozhin បានត្រឡប់ទៅរុស្ស៊ីវិញហើយ។

កាលពីសប្តាហ៍មុនគេបានបញ្ជាក់ថាលោក Prigozhin បានជួបជាមួយលោកពូទីនក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការបះបោរត្រូវបរាជ័យ លោកប្រធានាធិបតីបេឡារុស្សបានប្រកាសថាក្រុមអ្នកប្រយុទ្ធ Wagner នឹងហ្វឹកហាត់កងទ័ពរបស់ខ្លួននៅភាគអាគ្នេយ៍នៃរដ្ឋធានី Minsk ។

នៅក្នុងឃ្លីបវីដេអូបានបង្ហាញថាលោក Prigozhin បានប្រាប់យុទ្ធជនរបស់គាត់ឲ្យមានអាកប្បកិរិយាល្អចំពោះអ្នកស្រុកបេឡារុស្ស ហើយត្រៀមកម្លាំងសម្រាប់ដំណើរទៅកាន់តំបន់អាហ្រ្វិកដែលជាទីកន្លែងក្រុមទាហានស៊ីឈ្នួល Wagner បានដើរតួនាទីជាអ្នកកណ្តាលនៅក្នុងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃជាច្រើនក្នុងតំបន់អាហ្វ្រិក។

លោក Prigozhin បាននិយាយថា “ហើយក៏ប្រហែលជាយើងនឹងត្រឡប់ទៅ SMO វិញ ដើម្បីធ្វើកិច្ចប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺនៅទីតាំងណាមួយដែលយើងប្រាកដច្បាស់ថាយើងនឹងមិនត្រូវបានគេបង្ខិតបង្ខំ” ។

ចាប់តាំងពីឆ្នាំ ២០១៨ មក ក្រុមទាហាន Wagner មានប្រតិបត្តិការនៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន រួមទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) លីប៊ី និងម៉ាលីជាដើម។

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាល CAR បានថ្លែងថា មានអ្នកប្រយុទ្ធ មកពីក្រុម Wagner រាប់សិបនាក់បានមកដល់ដើម្បីជួយធានាការបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញនៅថ្ងៃទី ៣០ ខែកក្កដានេះ។

យោងតាម្លីបវីដេអូដែលត្រូវបានថតទាំងយប់នោះ ក៏បានបង្ហាញឲ្យឃើញលោក Prigozhin ទទួលទង់ជាតិពណ៌ខ្មៅរបស់ក្រុម Wagner ជាមួយនឹងបាវចនាសរសេរថា “Blood, Honour, Motherland, Courage” នៅក្នុងជំរំរបស់ពួកគេនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

លោក Dmitry Utkin ដែលជាអតីតមន្ត្រីកងកម្លាំងពិសេសនៅក្នុងក្រុមចារកម្មយោធា GRU របស់រុស្ស៊ី ក៏មានវត្តមាននៅទីនោះហើយក៏បាននិយាយទៅកាន់យុទ្ធជន Wagner ទាំងនោះផងដែរ។

“វាមិនមែនជាការបញ្ចប់រឿងនេះនោះទេ វាគ្រាន់តែជាការចាប់ផ្តើមការងារដ៏ធំបំផុតមួយទៀតនៅលើពិភពលោកដែលក្រុម Wagner នឹងត្រូវបានអនុវត្តនៅក្នុងពេលឆាប់ៗនេះ” Utkin បាននិយាយមុនពេលបកប្រែទៅជាភាសាអង់គ្លេស៕

ប្រភព៖ AL JAREERA