សន្ដិសុខសង្គម

បើកម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ

ដោយ៖កំចាយ

កំពត: បុរសម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យព្រោះតែបើកម៉ូតូបុកពីក្រោយរថយន្តកំពុងចតដើម្បីលើកដាក់សំរាម។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីសមត្ថកិច្ចក្រុងកំពតបានប្រាប់ឱ្យដឹងថា៖ បុរសរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ ប៉ាន់ សំអឿន អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៨ និង៥៥នាទីយប់ថ្ងៃទី១៩ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១-១៥២ ដោយម៉ូតូមួយគ្រឿងបានបុកពីក្រោយរថយន្តចតលើកដាក់សំរាមស្របពេលមេឃកំពុងធ្លាក់ភ្លៀង។ អ្នកបើកម៉ូតូបានរងរបួសធ្ងន់រហូតបាត់បង់ជីវិតក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត៕