ព័ត៌មានជាតិ

ជនជាតិដើមភាគតិចខេត្តរតនគិរីនិងមណ្ឌលគិរីនៅរក្សាទម្លាប់ដើរលក់បន្លែដាំពីធម្មជាតិ

ដោយ៖សុខុម

មណ្ឌលគិរី៖ មកដល់សព្វថ្ងៃនេះជនជាតិដើមភាគតិចខ្លះរស់នៅខេត្តរតនគិរី និងមណ្ឌលគិរី គឺនៅតែបន្តរក្សាទំនៀមទម្លាប់ប្រពៃណីស្ពាយកាផា ដាក់បន្លែផ្លែឈើធម្មជាតិដែលដាំតាមចម្ការស្ពាយយកមកលក់នៅផ្សារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

សកម្មភាពខាងលើនេះ គេតែងឃើញពួកគាត់ធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រ មកពីភូមិសំដៅទៅផ្សារនៅពេលព្រឹក។ នៅក្នុងកាផាស្ពាយនោះ ភាគច្រើនគឺជាផ្លែឈើពួកគាត់ដាំដោយផ្ទាល់ដៃ មានដូចជា៖ ត្រសក់ ល្ពៅ  ត្រឡាច ពោត ដំឡូងនិងត្រួយបន្លែជាដើម។

កាផាគឺជាប្រភេទសម្ភារប្រើប្រាស់ម្យ៉ាង មានរាងស្រដៀងនឹងជាល តែមានកម្ពស់ខ្ពស់ជាង និងមានខ្សែសម្រាប់ស្ពាយពីក្រោយខ្នង ដែលជនជាតិដើមភាគតិចនិយមប្រើសម្រាប់ទុកដាក់វត្ថុឬក៏អ្វីផ្សេងៗ ដែលមានទម្ងន់អាចមនុស្សធំស្ពាយបានដោយងាយស្រួល។ ជនជាតិដើមភាគតិចនៅខេត្តរតនគីរីគេហៅថា កាផា។ ចំណែកនៅខេត្តមណ្ឌលគិរីគេហៅថា សាស់ ឬឆាស់ ដោយសំដៅទៅលើជនជាតិដើមសាសន៍ខុសគ្នាហៅ។

ពីមុនស្រ្តីជនជាតិដើមភាគតិច ស្លៀកពាក់សំពត់អាវបែបប្រពៃណីពួកគាត់ ប៉ុន្តែនាពេលបច្ចុប្បន្ន អ្នកជំនាន់ក្រោយផ្លាស់ប្តូរទម្លាប់មកស្លៀកពាក់ដូចខ្មែរទាន់សម័យ ហើយក្នុងពេលដើរដោយថ្មើរជើងស្ពាយកាផាដើរលក់បន្លែដាំនិងបន្លែព្រៃ។បន្លែផ្លែឈើដែលពួកគាត់ដាំ ហើយបេះយកមកលក់នៅផ្សារតាមទីប្រជុំជន ពេលលក់ដាច់ពួកគាត់ក៏បានទិញស្ករ អំបិល ប៊ីចេង ប្រហុក នំជាដើមនោះរួចវិលទៅផ្ទះវិញ។

ផ្ទុយពីនេះ បន្លែផ្លែឈើដែលជារបស់ធម្មជាតិ បងប្អូនខ្មែរយើងដូចមិនសូវជាចាប់អារម្មណ៍ជួយទិញពួកគាត់ បើទោះបីជាគាត់ដើរលក់ដល់មុខផ្ទះក៏ដោយ។ អ្នកខ្លះទិញ តែភាគច្រើនមិនជួយទិញទេ បែរជាទៅទិញបន្លែស្រស់ៗដែលនាំចូលពុំដឹងប្រភពច្បាស់លាស់ទៅវិញ៕