សន្ដិសុខសង្គម

ឃាត់ខ្លួនតៃកុងរថយន្តកុងតឺន័រក្រោយបុកអ្នកជិះម៉ូតូស្លាប់និងរបួស

ដោយ៖សុខុម

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រម្នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីបើកបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សាង ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិពោធិ៍ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ភ្លាមនោះម្នាក់ទៀតរងរបួសរួមនិងតៃកុងរថយន្តបង្កក្នុងហេតុការណ៍នេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ដំបូងយុវជនពីរនាក់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JO.1627ចេញពីក្លឹបស្ប៉ាយឌឺ យ៉ាងលឿន ក្រោយមកក៏ត្រូវរថយន្តកុងតឺន័រ ម៉ាកCOLUBIA ពណ៌ក្រហម ក្រមៅ ស៊េរីឆ្នាំ២០០៦ ជាប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខកំពង់ចាម3A.3572(ផ្លាកលេខខាងមុខ)បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិចលឿនដូចគ្នាបុកម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀតរងរបួសធ្ងន់។ភ្លាមៗអ្នកបើករថយន្តកុងតឺន័រត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

នៅក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនិងតៃកុងរថយន្តដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រីឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យ៕