សន្ដិសុខសង្គម

យុវជនម្នាក់បានបា,ត់ប,ង់ជី,វិ.តនិង៣នាក់ទៀតរ.ងរ,បួសដោយសាររថយន្តដឹកដីបុ,កម៉ូតូ២គ្រឿង

ដោយ៖ កំចាយ

កំពត÷ រថយន្តបែនដឹកដីបានបុករះម៉ូតូ២គ្រឿងពេលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យយុវជនម្នាក់បាត់បង់ជីវិត និង៣នាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤​ ស្ថិតក្នុងភូមិត្រពាំងសង្កែ​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​។

លោកវរសេនីយ៍ឯក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា យុវជនដែលបានស្លាប់ឈ្មោះ ពួយ សំបូរ​ អាយុ ១៦ឆ្នាំ​ មានទីលំនៅភូមិត្រពាំងសង្កែ​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្ត​កំពត​ របួសធ្ងន់។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ សុផាន់ ណារ៉ាត់​ អាយុ ២១ឆ្នាំ​។ ២. ឈ្មោះ តឿន​ ដារ៉េត​ អាយុ ២៣ឆ្នាំ​។ ទាំង២នាក់រស់នៅ​ភូមិ​ស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ​ ខេត្ត​កំពត​។ ៣. ឈ្មោះ ឡេី​ សុខមករា​ អាយុ ២២ឆ្នាំ​ រស់នៅភូមិបឹងទូក​ សង្កាត់បឹងទូក​ ក្រុងបូកគោ​ ខេត្ត​កំពត​។

លោកអធិការបានរៀបរាប់ថា កាលពីវេលាម៉ោង៥ និង១០នាទី​ល្ងាចថ្ងៃទី១១ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរមួយបានកេីតឡេីងនៅលើផ្លូវលេខ១៣៣១​ ស្ថិតក្នុងភូមិត្រពាំងសង្កែ​ ឃុំត្រពាំងសង្កែ​ រវាងរថយន្ត​ និងម៉ូតូ២គ្រឿងពេលកំពុងបើកបរបញ្ច្រាសទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តបែនដឹកដី​ពាក់ផ្លាកលេខ​ចង្កូតស្តាំPP-2716 បើកបរយ៉ាងលឿនក្នុងទិសដៅពីកេីតទៅលិច​។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុករះម៉ូតូ២គ្រឿងបើកមកពីមុខបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល។ ភ្លាមៗ អ្នកបើកបររថយន្តបានរត់គេចបាត់ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

លោក សូ ប៊ុនធឿនបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចក៏បានទំនាក់ទំនងហៅរថយន្តដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក យុវជនម្នាក់ក៏បានបាត់បង់ជីវិតតែម្តង៕