កីឡា

Cristiano Ronaldoថាលីគអារ៉ាប៊ីសាអូឌីតល្អជាង MLSបន្ទាប់ពីLionel Messi ផ្លាស់ទៅInterMiami

ប្រែសម្រួល៖សហការី

បន្ទាប់ពីគូប្រជែងរបស់ខ្លួន Lionel Messi ដែលជាកំពូលតារាបាល់ទាត់ពិភពលោក បានផ្លាស់ទៅលេងឲ្យ Inter Miami នៅសហរដ្ឋអាម៉េរិកស្រាប់តែស្តេចបាល់ទាត់ពិភពលោក Cristiano Ronaldo បានអះអាងថាលីគបាល់ទាត់អារ៉ាប៊ីសាអូឌីតល្អជាង Major League Soccer (MLS)។

តារាបាល់ទាត់ពិភពលោក Lionel Messi ​ត្រូវបានគេផ្តល់​កិច្ច​សន្យាឲ្យ​​ទៅ​ចូល​រួម​ជាមួយ​ក្លិប​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​ស្តេចបាល់ទាត់ដែលបានឈ្នះ World Cup រូបនេះបានសម្រេចចិត្ត​ផ្លាស់​ទៅ​អាម៉េរិក​នៅក្រោយពេលដែល​កុងត្រា​របស់​គាត់​​ជាមួយ Paris Saint-Germainផុត​កំណត់​ ។

សារព័ត៍មានរ៉យទ័របានរាយការណ៍ថា Ronaldo បាននិយាយ “លីគអារ៉ាប៊ីសាអូឌីតនឹងល្អជាង MLS” បន្ទាប់ពី Al Nassr’s បានចាញ់ ៥ ទល់នឹង ០ ក្រោមស្នាដៃក្រុម Celta Vigo នៅក្នុងការប្រកួតមិត្តភាពមុនពេលបើកឆាកប្រកួតជាផ្លូវការ។ “ឥឡូវនេះ កីឡាករកំពូលៗជាច្រើនទៀត នឹងមកទីនេះហើយនៅក្នុងរយៈពេលមួយឆ្នាំទៀតកីឡាករទាំងអស់នឹងមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត”។

បន្ទាប់ពីចាកចេញពី Manchester United ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថាកាលពីខែធ្នូ Ronaldo បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះជាមួយ Al Nassr ដែលមានតម្លៃខ្លួនដល់ទៅជាង ២០០ លានអឺរ៉ូ គឺស្មើនឹង ២២០.១៦លានដុល្លារ ។ កីឡាករវ័យរាងជ្រេអាយុ ៣៨ ឆ្នាំរូបនេះបាននិយាយកាលពីខែមុនថាការចុះហត្ថលេខាថ្មីសម្រាប់ក្លិបអារ៉ាប៊ីសាអូឌីតនឹងមានការ “ស្វាគមន៍យ៉ាងខ្លាំង” ។

ចាប់តាំងពីពេលនោះមក Karim Benzema, N’Golo Kante, Kalidou Koulibaly, Edouard Mendy និង Roberto Firmino គឺស្ថិតក្នុងចំណោមឈ្មោះតារាបាល់ទាត់ដែលត្រូវផ្លាស់ទៅចូលរួមជាមួយ Saudi Pro League (SPL) ។

Ronaldo ក៏​បាន​និយាយ​ដែរ​ថា​គាត់​នឹង​មិន​ត្រឡប់​ទៅ​អឺរ៉ុប​វិញ​ដើម្បី​លេង​បាល់ទាត់ទៀត​ទេ ខណៈ​ភាព​ខ្លាំង​ក្នុង​លីក​កំពុង​ធ្លាក់​ចុះ។

ESPN បានរាយការណ៏ថា Ronaldo បាន​និយាយថា “គឺ១០០% ខ្ញុំនឹងមិនត្រឡប់ទៅក្លិបនៅអឺរ៉ុបណាមួយទៀតនោះទេ។ ខ្ញុំ​មាន​អាយុរាងជ្រេបន្តិចហើយគឺ ៣៨ ឆ្នាំហើយ” ​ ។

“បាល់ទាត់អ៊ឺរ៉ុបបានបាត់បង់គុណភាពច្រើនហើយនៅមានតែក្រុមមួយគត់ដែលនៅតែធ្វើបានល្អគឺ English Premier League ក្រុមនេះនៅ​មាន​ប្រៀប​ជាង​លីគ​ដទៃ​ទៀត” ។

Ronaldo ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុង ១៦ ប្រកួតបន្ទាប់ពីការផ្លាស់ទីរបស់គាត់ ប៉ុន្តែវានៅតែមិនទាន់បានទទួលគ្រាប់បាល់បានគ្រប់គ្រាន់ទេដើម្បីជួយឲ្យក្រុមរបស់គាត់យកឈ្នះពានរង្វាន់ SPL ដោយ ក្រុម Al Nassr របស់គាត់បានជាប់ត្រឹមចំណាត់ថ្នាក់លេខ ២ រត់តាមពីក្រោយក្រុម Al Ittihad ៕