សន្ដិសុខសង្គម

យុវជនម្នាក់បានបាត់បង់ជីវិតដោយសារផ្ទុះកង់រថយន្តពេលកំពុងបូមខ្យល់បញ្ចូល

ដោយ៖កំចាយ

កំពត៖ យុវជនម្នាក់បានបាត់បង់ជីវិតដោយសារកង់រថយន្តផ្ទុះខ្ទាតត្រូវចំផ្ទៃមុខពេលកំពុងបូមខ្យល់បញ្ចូល។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្បែរផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា៖ យុវជនដែលបាត់បង់ជីវិតឈ្មោះ រស់ រិទ្ធី អាយុ ១៨ឆ្នាំ ជាកូនជាងប៉ះកង់រថយន្ត និងស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ សមត្ថកិច្ចបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា មានរថយន្តធុនធំបានចូលមកឲ្យជាងប៉ះកង់។ ក្រោយប៉ះហើយរួចរាល់ ជនរងគ្រោះក៏ចាប់ផ្តើមបូមខ្យល់បញ្ចូលស្រាប់តែលាន់ឮផ្ទុះឡើង និងខ្នងកង់រថយន្តបានខ្ទាតហើរត្រូវចំផ្ទៃមុខបណ្តាលឲ្យដួល រួចស្លាប់ភ្លាមៗតែម្តង។

នគរបាលមូលដ្ឋានដដែលបានបញ្ជាក់ថា៖ ក្រោយទទួលដំណឹងនេះ មន្ត្រីជំនាញបានចុះពិនិត្យសាកសព និងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារកង់រថយន្តផ្ទុះ រួចខ្ទាតត្រូវប្រាកដមែន ពោលគឺមិនពាក់ព័ន្ធជាមួយបទល្មើសផ្សេងឡើយ៕