សន្ដិសុខសង្គម

ចាប់ខ្លួននិពន្ធនាយកកាសែតម្នាក់ដែលយកឈ្មោះអង្គភាពព័ត៌មានធំៗទៅជំរិតទារលុយពីគេ

ដោយ៖រតនា

និពន្ធនាយកសែតម្នាក់ដែលសង្ស័យថាបានបន្លំយកឈ្មោះអង្គភាពសារព័ត៌មានធំដែលគេស្គាល់ច្រើនទៅគំរាមទារលុយពីគេនោះ ត្រូវមន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួន។

ជនសង្ស៍យជានិពន្ធនាយកកាសែត(រូបថត៖ សមត្ថកិច្ច)

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ មូល រតនៈ អាយុ៣០ឆ្នាំ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី ស្នាក់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យតែងតែប្រើវិធីបន្លំខ្លួនយកឈ្មោះស្ថាប័នព័ត៌មានធំៗដែលល្បីនៅក្នុងប្រទេស ទាក់ទងតាមបណ្តាញសង្គមជំរិតទារលុយពីមន្ដ្រីតាមក្រសួងស្ថាប័ននានាដោយខុសច្បាប់។ ការចាប់ខ្លួននេះគឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយការចាប់ខ្លួនជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានយកឈ្មោះស្ថាប័នព័ត៌មានធំៗ ដើម្បីឆាតទៅឬទូរសព្ទទៅសុំលុយពីមន្ដ្រីតាមបណ្ដាក្រសួង ស្ថាប័ននេះតាំងពីឆ្នាំ២០២១មកម្ល៉េះ។ផ្ទុយទៅវិញបើមន្ដ្រីណាដែលមិនឲ្យលុយ រូបគេគំរាមថា នឹងចុះផ្សាយអំពីរឿងអាស្រូវពុករលួយឬបង្ខូចកេរ្តិ៍ឈ្មោះជាដើម៕