សន្ដិសុខសង្គម

ពលរដ្ឋនិងកម្មករដែលរស់នៅភូមិពូធឿងស្នើសុំឲ្យតំបន់សេដ្ឋកិច្ចពិសេសជួយបើកផ្លូវ

ដោយ៖រតនា
ព្រះសីហនុ៖ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីដែលកំពុងបម្រើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅមកដោយសារស្ទះចរាចរស្ទើររាល់ថ្ងៃនោះពួកគាត់បានស្នើសុំដ៏ទទូចឲ្យថ្នាក់ដឹកនាំតំប់សេដ្ឋកិច្ចពិសេសបើកផ្លូវច្រកចំហៀង។


ជុំវិញការស្នើសុំនេះ លោក យុន រតនា តំណាងប្រជាពលរដ្ឋនិងកម្មករកម្មការិនីរាប់ពាន់នាក់ ដែលនឹងត្រូវប្រើប្រាស់កំណាត់ផ្លូវមួយនេះនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា មកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយដែលបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីបានដាក់ពាក្យស្នើសុំទៅថ្នាក់ដឹកនាំអជ្ញាធរស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសតភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ នៅមិនទាន់ ទទួលបានលទ្ធផលនៅឡើយទេ។


លោក យុន រតនា បានបន្តទៀតថា តំបន់ភូមិពួធឿង ជាតំបន់នៅជាប់នឹងរបងរោងចក្រតំបន់សេដ្ឋកិច្ច ពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនផងដែរ ។ប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើន គឺបំរើការងារជាកម្មករ រោងចក្រតំបន់ សេដ្ឋកិច្ច ពិសេសតែម្តង។ ជារៀងរាល់ថ្ងៃផ្លូវក្នុងភូមិតែងតែកកស្ទះចរាចរ ស្ទើរគ្រប់ពេលវេលានិងបង្កគ្រោះថ្នាក់ចរាចរជាហូរហែ ជាពិសេសពេលដែលបងប្អូន កម្មករកម្មការិនីចេញ ទៅ បម្រើការងារនិងពេលត្រឡប់មកពីការងារវិញ។

ផ្តើមចេញពីបញ្ហារលំបាកនេះ បងប្អូនកម្មករកម្មការិនីនិងប្រជាពលរដ្ឋរស់នៅភូមិពូធឿងក៏បានដាក់សំណើសុំ ទៅថ្នាក់ដឹកនាំស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអគារស្នាក់នៅកម្មករកម្មការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ភាពងាយស្រូលចេញចូលទៅបម្រើការងារក្នុងរោងចក្រនិងបានជួយសម្រួលដល់បងប្អូនកម្មករកម្មការិនីមួយចំនួនធំដែលមិនមានមធ្យោបាយផ្ទាល់ខ្លួន។

អ្នកខ្លះជិះម៉ូតូឌុប និងអ្នកខ្លះ ទៀត ធ្វើដំណើរដោយថ្មើរជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅទៅរោងចក្រ និងពីរោងចក្រមកកន្លែង ស្នាក់នៅវិញផងដែរ។ បញ្ហារនេះថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធក៏បានយក ចិត្តទុកដាក់បំផុតផងដែរក្នុងការចរចាជាមួយភាគីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយៈពេលជាង០៣ឆ្នាំ កន្លងមកនេះជាលទ្ធផលទទួលបានត្រឹមពាក្យ ថារង់ចាំថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ ។


លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថាពាក់ព័ន្ធ នឹងការ ស្នើសុំបើកផ្លូវនេះ ភាគីខាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចនៅឡើងទេ។ដោយបញ្ហារនេះនាយកក្រុមហ៊ុនគេនឹងបើកកិច្ចប្រជុំដើម្បីដាក់ការស្នើសុំទៅក្រុមប្រឹក្សាភិបាលព្រោះវាពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមួល៕