ព័ត៌មានជាតិ

កម្ពុជាបោសសម្អាតមីនបានជាង២៧០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៣០ឆ្នាំ

ដោយៈសិរីមតី
ភ្នំពេញ៖នៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៣លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងថា«​ជាង៣០ឆ្នាំមកនេះ​កម្ពុជា​ទទួល​បានជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាតគ្រាប់មីន។ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចមានចំនួន២.៧៩៤.៧០៣.​២២៨ ម៉ែត្រក្រឡា (២.៧៩៥ គីឡូម៉ែត្រក្រឡា)។

លោកទេសរដ្ឋមន្ត្រី បានបន្តថា៖ការងារបោសសំអាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សជាង១លាន១សែន៧ម៉ឺន​៧​ពាន់គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះមាន២៦២២២គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣ ០៧០ ៥២៦គ្រាប់។គ្រាប់មីននេះហើយដែលសម្លាប់មនុស្ស និងធ្វើឲ្យ ប្រជាពលរដ្ឋពិការភាពជាង៦ម៉ឺន៥ពាន់នាក់។ ចាប់តាំងពីឆ្នាំ១៩៧៩-ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៥.០២៨ ។អ្នកដោះមីនជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ៖ បាត់បង់អាយុជីវិត មានពិការភាព និងរបួស សរុបចំនួន ១៥៥ នាក់ ក្នុងនោះ បាត់បង់ អាយុ ជីវិតចំនួន ៣១ នាក់ ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា៖ចំនួនជនរងគ្រោះបានថយ ចុះពី ៤៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២និងមកនៅក្រោម​ចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

លោក លី ធុច បានបញ្ជាក់ថា៖ការប្រើប្រាស់ដី ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ។ប្រជាពលរដ្ឋទទួលផលចំនួនជាង ១១លាននាក់។

លោកអនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងផងដែរថា៖ការទទួលបានជោគជ័យដ៏ធំធេងលើវិស័យមីន៣០ឆ្នាំនេះ មានការចូលរួមពីប្រទេសជាមិត្តជាម្ចាស់ជំនួយ ជាច្រើនដូចជា អូស្រ្តាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស្ស ចិន អៀកឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែដ អូទ្រីស បែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណឺម៉ាក ព្រមទាំង HDR & D មូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។

ចំណែកម្ចាស់ជំនួយនាពេលបច្ចុប្បន្នមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ឥណ្ឌា UNDP និង HDR&D ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ចំពោះវិស័យឯកជន រួមមាន AmCham, Khmer Times, MBCC, TAFTAC ដែលចូលរួមផ្ទាល់ជាមួយអាជ្ញាធរមីនហើយប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ រួមមាន៖ កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិ NPMEC, CMAC, អង្គការ MAG, អង្គការ HALO Trust, អង្គការ NPA, អង្គការ APOPO, អង្គការ CSHD និងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ៕