សន្ដិសុខសង្គម

អភិបាលខេត្តព្រះសីហនុបញ្ជាឲ្យកប៉ាល់ធំៗទៅដឹកភ្ញៀវទេសចរត្រឡប់ពីកោះដើម្បីការពារសុវត្ថិភាព

ដោយ៖រតនា

ព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅតាមបណ្ដាកោះនានា ដោយសារបញ្ហាអាកាសធាតុខ្យល់កន្ដ្រាក់ និងរលកធំៗកាលពីពេលកន្លងទៅ។

ឯកឧត្តមគួច ចំរើន កំពុងរង់ចាំទទួលភ្ញៀវទេសចរចម្រូះជាតិសាសន៍ត្រឡប់ពីកោះវិញ

ឯកឧត្តមគួច ចំរើន បានបញ្ជាក់ថា ព្រឹកនេះដោយមើលឃើញអាកាសធាតុរាងធូរស្រាល និងរលករៀងស្ងប់បន្ដិចនោះ លោកបានបញ្ជាឲ្យស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗ ចំនួន៤គ្រឿង ដើម្បីទៅទទួលភ្ញៀវទេសចរដែលជាប់នៅតាមបណ្ដាកោះ មកកាន់ដីគោកវិញ។

អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បើទោះបីស្ងប់ខ្យល់ និងរលកបន្ដិចក៏ពិតមែន ប៉ុន្ដែសមត្ថកិច្ចដែលចេញទៅទទួលភ្ញៀវទេសចរទាំងអស់នោះ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើង ក្នុងនោះ មន្ដ្រីនគរបាលជើងទឹក ក៏ត្រូវជិះអមដំណើរអ្នកទេសចរ ហើយអ្នកទេសចរនោះទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា។

បច្ចុប្បន្នកប៉ាលធំបានដឹកភ្ញៀវទេសចរមកដល់ដីគោកចំនួន៤គ្រឿងដែមានមនុស្សចំនួន៧០៨នាក់ស្រី៣៤៧នាក់និងកុមា១៥នាក់ ហើយលោកបានបន្ថែមកប៉ាល១គ្រឿងដើម្បីបន្ថែមទៅយក កប៉ាលសរុបទាំងអស់ចំនួន៥ គ្រឿងមកពី៤ក្រុមហ៊ុន ដោយធ្វើការដឹកជញ្ជូន៦ជើង។

គួរបញ្ជាក់ថា ដោយសារបញ្ហាអាកាសធាតុភ្លៀង ខ្យល់កន្ដ្រាក់ និងរលកធំៗនោះ អាជ្ញាធរបានសម្រេចផ្អាកឲ្យភ្ញៀវទេសចរដែលទៅកម្សាន្ដនៅតាមបណ្ដាកោះនានា មកដីគោកវិញជាបណ្ដោះអាសន្នសិន ដោយរង់ចាំស្ថានភាពធូរស្រាល ហើយនៅព្រឹកនេះ ទើបមានការរៀបចំកប៉ាល់ធំៗ រួមជាមួយសមត្ថកិច្ច ដើម្បីទៅទទួលភ្ញៀវទាំងអស់នោះត្រឡប់មកកាន់ដីគោកវិញ៕