សេដ្ឋកិច្ច

ភ្ញៀវទេសចរបរទេសឆ្លងកាត់ពីឡាវចូលតាមច្រកត្រពាំងក្រៀលខេត្តស្ទឹងត្រែងមានសន្ទុះកើនឡើង

ដោយ៖សុខុម

ស្ទឹងត្រែង៖សព្វថ្ងៃនេះភ្ញៀវទេសចរបរទេសជាច្រើនជាតិសាសន៍ដែលបានឆ្លងកាត់ពីប្រទេសឡាវចូលមកប្រទេសកម្ពុជាយើង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង មានសន្ទុះកើនឡើងច្រើនខុសប្លែកជាងកាលពីពេលផ្ទុះជំងឺកូវីដ-១៩។

 ភ្ញៀវទេសចរបរទេសជាច្រើនជាតិសាសន៍ដែលបានឆ្លងកាត់ពីប្រទេសឡាវចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង

លោក ទិន សត្យា ប្រធានសមាគមគ្រប់គ្រងភ្ញៀវទេសចរប្រចាំច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងថា៖ ចំពោះភ្ញៀវទេសចរបរទេសពេលបច្ចុប្បន្នឃើញថាមានការកើនឡើងច្រើន ធ្វើដំណើរពីប្រទេសឡាវចូលមកកម្ពុជា។ប៉ុន្តែភ្ញៀវជាតិចេញ ចូលតាមច្រកមួយនេះគឺមិនច្រើនទេនៅក្នុងរដូវមានភ្លៀងធ្លាក់ ចាប់ពីខែឧសភាមកនោះ។

លោក ទិន សត្យាបានបញ្ជាក់ថា៖ ម្យ៉ាងវិញទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រើគោលការណ៍ទទួលភ្ញៀវទេសចរលំហជើងមេឃស្វាគមន៍ ទទួលភ្ញៀវទេសបរទេសគ្រប់ជាតិសាសន៍មកទស្សនា ក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជានោះមកកត់សម្គាល់ឃើញថា មានភ្ញៀវចេញចូលច្រើនទៅតាមរដូវកាល។ តែទោះបីជាយ៉ាងណាកំណើនភ្ញៀវទាំងជាតិនិងអន្តរជាតិ គឺនៅមិនទាន់កើនដល់កម្រិតកាលមុនផ្ទុះជំងឺកូវីដ19 នៅឡើយ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា៖ ចំពោះបញ្ហាមានសន្ទុះភ្ញៀវទេសចរពីប្រទេសជិតខាងនោះ គឺក្រោយប្រមុខដឹកនាំរាជរដ្ឋាភិបាលបើកឱ្យដំណើរការចេញចូលព្រំដែនអន្តរជាតិកម្ពុជាឡាវឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដធូរស្រាល។ណាមួយទៀត ក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយភ្ញៀវក៏អាចធ្វើដំណើរទៅលេងនៅតាមតំបន់​ទេសចរនានាក្នុងប្រទេសដោយមិនមានការភ័យខ្លាចអ្វីទេ៕