សន្ដិសុខសង្គម

ខ្សាច់សមុទ្រពណ៌សកំពុងអុកឡុកដល់អ្នកធ្វើដំណើរនៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ

ដោយ៖រតនា
ព្រះសីហនុ៖ស្ថិតក្រោមឥទ្ធិពលខ្យល់កន្ត្រាក់និងរលកធំៗនៅតាមបណ្ដាឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមួយរយៈពេលចុងក្រោយនេះ បានបង្កឲ្យផ្លូវតាមបណ្ដោយឆ្នេរសមុទ្រមួយចំនួនដូចជានៅឆ្នេរអូរត្រេះមួយនិងឆ្នេរអូត្រេះ 2បានបង្កឲ្យមានខ្សាច់សកកនៅលើផ្លូវរាប់ពាន់ម៉ែត្រ ជាហេតុបង្កឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរ។


ក្រោយ ពីមើលឃើញថា ខ្សាច់សមុទ្រជាច្រើនបានបង្កផលលំបាកប៉ះពាល់ដល់អ្នកធ្វើដំណើរនៅតាមផ្លូវ ប្របមាត់ឆ្នេរខាងលើនោះ នារសៀលថ្ងៃទី 17 ខែកក្កដាឆ្នាំ 2023 អាជ្ញាធរខេត្តក្រោមកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ បានបញ្ចេញគ្រឿងចក្រនិងក្រុមសម្អាតជាច្រើននាក់ដើម្បីចុះកើបខ្សាច់សមុទ្រទាំងនោះចេញពីលើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលបានមកកម្សាត្តនៅក្នុងខេត្តព្រះសីហនុ។


ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុបានចេញសារអំពាវនាវដល់បងប្អូនប្រជានេសាទក៏ដូចជាភ្ញៀវទេសចរនិងក្រុមហ៊ុនទូកដឹកជញ្ជូនទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វើការចេញនេសាទនិងដឹកភ្ញៀវទេសចរទៅកម្សាន្តនៅតាមបណ្ដាកោះនោះទេក្នុងរយៈពេលដែលក្រសួងធនធានទឹកបានប្រកាសពីស្ថានភាពខ្យល់ព្យុះនិងខ្យល់កន្ត្រាក់ នៅសប្តាហ៍នេះ។


ដោយគិតមកដល់ត្រឹមល្ងាចថ្ងៃទី 17 ខែកក្កដានេះ អាកាសធាតុនៅក្នុងខេត្តព្រះសីហនុគឺមានភ្លៀងរលឹមនិងខ្យល់ខ្លាំងជាអន្លើៗបង្កឲ្យមានរលកធំៗលើផ្ទៃសមុទ្រហើយកម្លាំងទឹករលកនោះវាបានអូសនាំយកខ្សាច់មកគរនៅលើផ្លូវតាមមាត់ឆ្នេរជាច្រើនកន្លែង៕