សន្ដិសុខសង្គម

សមត្ថកិច្ចបើកភ្លើងខៀវឱ្យឈ្មោះរៀមជាអ្នកប្រមូលឈើពីមណ្ឌលគិរីមកខេត្តក្រចេះរយៈពេល១ខែ

ដោយ៖សុខុម

ក្រចេះ៖ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះមិនត្រឹមតែមិនចុះបង្រ្កាបឈើមេឈ្មួញដ៏ល្បីឈ្មោះរៀម ដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរីមកស្តុក នៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្ដក្រចេះនោះទេ ថែមទាំងទុកពេលឱ្យដឹកឈើក្នុងរយៈពេល១ខែទៀតផង។

សព្វថ្ងៃនេះសមត្ថកិច្ចនិងអាជ្ញាធរ កំពុងតែរវល់រឿងបោះឆ្នោត ប៉ុន្តែសមត្ថកិច្ច និងមន្រ្តីខិលខូចមួយក្តាប់តូចបែរជាឃុបឃិត ជាមួយឈ្មួញបំផ្លាញព្រៃឈើទៅវិញ។

សេចក្តីរាយការណ៍បានឱ្យដឹងថា៖ បើគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មួញឈើដ៏ធំម្នាក់ខាងលើនេះបានបោះលុយ រាប់ម៉ឺនដុល្លារដើម្បីកាប់ឈើនៅក្នុងព្រៃបរិស្ថានខេត្តមណ្ឌលគិរីជាប់ខេត្តក្រចេះ បានរយៈពេលកន្លះខែហើយ។សកម្មភាពដឹកជញ្ជូនឈើតាមគោយន្តនៅតែបន្តរលូន។បើទោះបីជាមានចេញផ្សាយតាមសារព័ត៌មានខ្លះក៏ដោយ ក៏មន្រ្តីពាក់ព័ន្ធមិនចាត់ការបង្រ្កាបទេ។

តាមប្រភពព័ត៌មានឲ្យដឹងថា បុគ្គលឈ្មោះ រៀម កាលពីមុនគ្រាន់តែជាអ្នកកាន់ម៉ាស៊ីនអារឈើម្នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្លាយជាថៅកែឈើម៉ៅផ្តាច់នៅ១០៥។មេឈ្មួញរួបនេះបានស៊ុមគ្រលុំជាមួយអ្នកកាសែតម្នាក់ដើម្បីរត់ការ ដោយទទួលលុយពីម្ចាស់ដេប៉ូនៅឯខេត្តផ្សេងចូលទៅកាប់ឈើចេញពីដែនជម្រកសត្វព្រៃភ្នំព្រិចនិងភូមិសាស្ត្រក្នុងដែនដីខេត្តមណ្ឌលគិរី។

ក្រោយដឹកចេញពីព្រៃមកភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្ដក្រចេះរួចឱ្យក្រុមរថយន្តសាំងយ៉ុងដឹកបន្តទៅទម្លាក់នៅដេប៉ូតាមគោលដៅ ក្នុងខេត្តមួយចំនួនដើម្បីលក់បន្ត។

 

ប្រភពព័ត៌មានពីក្រុមការងារចុះតាមដានសកម្មភាពថតរូបភាពពីសកម្មភាពដឹកជញ្ជូនឈើអ្នកបើកគោយន្តបានប្រាប់អ្នកសារព័ត៌មានថាឈ្មោះរៀមគឺជាអ្នកទទួលខុសត្រូវរត់ការបើកផ្លូវបង់ខែទៅឱ្យសមត្ថកិច្ចអស់ហើយ។បើមិនមានការបើកភ្លើងខៀវទេ ពួកគេក៏មិនហ៊ានកាប់ឈើ ដឹកជញ្ជូនតាមគោយន្តដោយបើកចំហបែបនេះដែរ។

ក្រុមអ្នកថតរូបភាពដឹកឈើ ស្នើសុំក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិមានចំណាត់ការទៅលើឈ្មោះរៀមដែលជាមេការ រត់ការឈើនៅតំបន់១០៥នោះផង៕