សេដ្ឋកិច្ច

ឈ្មោះ«ប៉ាខឹម»គឺជាមុខម្ហូបប្រចាំត្រកូលដ៏ពេញនិយមរបស់អ្នករស់នៅខេត្តស្ទឹងត្រែង

ដោយ៖សុខុម
ស្ទឹងត្រែង៖ មុខម្ហូបម្យ៉ាងដែលភាសាឡាវហៅថា«ប៉ាខឹម»រីឯខ្មែរយើងហៅថាត្រីប្រៃនោះ រហូតមកដល់សព្វថ្ងៃនេះគឺវាបានក្លាយទៅជាមុខម្ហូបដ៏ពេញនិយមបំផុតមួយរបស់អ្នកដែលរស់នៅក្នុងខេត្តស្ទឹងត្រែង។


ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញឬខេត្តខ្លះៗទៀតទំនងជាមិនដែលធ្លាប់បានភ្លក់នូវរសជាតិដ៏ពេញនិយមនៃមុខម្ហូប«ប៉ាខឹម»នេះនៅឡើយទេមើលទៅ។
មុខម្ហូបមួយប្រភេទនេះ គេប្រើឈ្មោះពីរឡាយឡំគ្នា។ឈ្មោះមួយជាភាសាឡាវ«ប៉ាខឹម» ហើយមួយទៀតបកប្រែមកជាភាសារខ្មែរគឺហៅថាត្រីប្រៃតៗគ្នាជារៀងរហូតមក។


ចំពោះមុខម្ហូបដ៏ពេសេសនេះប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងច្រើននេសាទយកប្រភេទត្រីរៀល ក្នុងរដូវពងពេញពោះដើម្បីយកធ្វើត្រីប្រៃ។ របៀបធ្វើគឺងាយៗទេ មិនពិបាកឡើយ។ ដំបូងគេត្រូញវយកត្រីរៀលស្រស់ៗ មកប្រឡាក់ជាមួយនឹងអំបិលរួចទុកដាក់ក្នុងពាង, ធុង ឬក្រឡក្នុងរយៈពេល១៥ថ្ងៃ ។​ លុះក្រោយមកយកស្រូវមកលីងច្របល់បញ្ជូលគ្នាខ្លះដាក់រំដេង ដើម្បីកាត់ចង្អាបបន្តរយៈពេល១៥ថ្ងៃទៅ៣០ថ្ងៃក្រោយមកទើបគេអាចយកមកទទួលទានបានហើយ។

នៅមុនពេលទទួលទានគេចាំបាច់ត្រូវយកត្រីប្រៃនោះទៅលាងទឹក ដើម្បីជម្រះជាតិប្រៃខ្លះ ហើយបកស្បែកយកស្រកាត្រីចេញ រួចដាក់ចានច្របាច់ក្រូចឆ្មារដាក់ប៊ីចេងម្ទេសស្ករជីនាងវងឱ្យឡើងជូរជ្រះមានខ្លិនឈ្ងុយឆ្ងាញ់។
អ្នកខេត្តស្ទឹងត្រែងនិយមបរិភោគត្រីប្រៃជាមួយបាយក្តៅៗ។រីឯ អ្នកស្រុកនៅជនបទវិញគឺនិយមចូលចិត្តក្លែមស្រាឬធ្វើម្ហូបនៅពេលចុះដកស្ទូងស្រូវ ។ នៅតាមផ្សារសាមគ្គីស្ទឹងត្រែងក៏មានដាក់លក់ដែរដោយក្នុងមួយគឺក្នុង១គីឡូក្រាមគឺតម្លៃ ចាប់ពី២ម៉ឺនទៅ៣ម៉ឺនរៀល។


ចំពោះត្រីប៉ាខិមឬហៅថាត្រីប្រៃនេះ គេអាចរក្សាទុកវានៅក្នុងក្រឡ ឬ ពាងបានទៅដល់រយៈពេលយូរគឺឆ្នាំក៏បានដែរ៕