សន្ដិសុខសង្គម

ឆេះឃ្លាំងសម្ភារផ្ទះបាយនិងគ្រឿងអេឡិចត្រូនិចរបស់ចិននៅជិតវត្តសំរោងអណ្តែត

ដោយ៖សុខុម
ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកសម្ភារផ្ទះបាយនិងគ្រឿងអេឡិចត្រូនិច សំណង់ចិន សន្ធោសន្ធៅកាលពីព្រឹកព្រលឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នៅមុខ ខ្លោងទ្វារវត្តសំរោងអណ្ដែតតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។


សាក្សីជាស្រ្តីម្នាក់ដែលដេកនៅក្នុងឃ្លាំងខាងលើបានរៀបរាប់ប្រាប់ថាដំបូងឡើយគាត់ឮសូរសំឡេងផ្ទុះ ហើយគាត់ក៏ភ្ញាក់ឡើងបានឃើញផ្សែងខ្មៅពេញខាងក្រោម ដែលគាត់ដេកនៅជាន់ខាងលើហើយគាត់មានការភិតភ័យក៏ដាស់គ្នាដែលមានចំនួន៤នាក់ទាំងក្មួយ នាំគ្នារត់ចេញក្រៅ។ប្រហែលបីនាទីក្រោយអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំងចេញពីម្ដុំផ្ទះបាយហើយគាត់ ក៏បានប្រាប់គេឯងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ដែរប៉ុន្តែដោយសារតែអណ្តាតភ្លើង ឆេះខ្លាំងពេក មិនរលត់ហើយទាក់ទងទៅសមត្ថកិច្ចឲ្យចេញ រថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។

នៅក្នុងហេតុការណ៍ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យមកដល់បន្តបន្ទាប់បាញ់ទប់ស្កាត់មិនឲ្យរីករាលដាលឆ្លងដល់កន្លែងផ្សេង បាញ់ឲ្យរលត់ ទៅវិញនៅវេលា ម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែល ។


តាមការឱ្យដឹងពីសមត្ថកិច្ចថា ឃ្លាំងដែលឆេះខាងមុខគឺជញ្ជាំងកញ្ចក់ខាងចំហៀង ប្រក់ស័ង្កសី។ចំពោះសម្ភារផ្ទះបាយនិងគ្រឿងអេឡិចត្រូនិចឆេះស្ទើរតែទាំងស្រុងមិនទាន់ដឹងតម្លៃ ខាតបង់នៅឡើយទេ។


អគ្គិភ័យនេះគឺមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងតែធ្វើការ ស្រាវជ្រាវបន្តទៀត៕