សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យក្រោយកាប់ជនរងគ្រោះច្រើនកាំបិតស្លាប់

ដោយ៖សុខុម

ព្រៃវែង៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦កក្កដា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយហេតុការណ៍បុរសនោះបានយកកាំបិតផ្គាក់កាប់ទៅលើស្រ្តីជាជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិតាព្រះ ឃុំព្រែកកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះលាង សុជា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។រីឯជនសង្ស័យឈ្មោះចិនគឹមហ័រ អាយុ៤២ឆ្នាំ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថាជនរងគ្រោះដើរនិយាយថាខ្លួនចែកចាយគ្រឿងញៀន។ក្រោយមកជនសង្ស័យក៏មានគំនុំខឹងយកកាំបិតផ្គាក់កាប់ស្រ្តីរងគ្រោះពេលកំពុងដើររុញរទេះដឹកកូនអាយុ ១ខួប តាមថ្នល់កៅស៊ូ។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួន តែសមត្ថកិច្ចចាប់នៅថ្ងៃបន្ទាប់។

ក្រោយកើតហេតុ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ ធ្វើកោសល្យវិច័យ និងបានឃាត់ខ្លួនជនសង្ស័យមកសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕