ព័ត៌មានជាតិ

ផ្លូវកៅស៊ូប្រមាណជិត១២គីឡូម៉ែត្រនៅស្រុកកំពង់សៀមស្ថាបនាសម្រេចបាន៧០ភាគរយ

ដោយ៖ គង់ហេង

កំពង់ចាម៖ ផ្លូវកៅស៊ូប្រភេទDBST(ឌីប៊ីអេសធី) មានប្រវែងប្រមាណជិត ១២ គីឡូម៉ែត្រ ឆ្លងកាត់ឃុំអូរស្វាយ និងឃុំស្រក ក្នុងស្រុកកំពង់សៀម ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត  និងស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម បច្ចុប្បន្នសម្រេចបានប្រហែល ៧០ភាគរយ។

នៅក្នុងដំណើរចុះពិនិត្យផ្លូវខាងលើដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនិងអមដំណើរដោយសហការីជាច្រើនរូបនៅព្រឹកថ្ងៃទី ១៤ កក្កដានេះ លោក ប្រាក់ ទិត្យ ជានាយកទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពង់ចាមបានឱ្យដឹងថា៖ ក្រោយពីចុះពិនិត្យពីដើមទីផ្លូវបែកចេញពីផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ មកដល់ចំណុចចុងប្រវែង ១១,៦០០ គីឡូម៉ែត្រ ស្ថិតក្នុងភូមិល្ពាន ឃុំស្រក ស្រុកកំពង់សៀម គឺអាចវាយតម្លៃទំហំ នៃការស្ថាបនាផ្លូវមួយខ្សែនេះសម្រេចបានប្រមាណ ៧០ ភាគរយ។

គួររំលឹកថា ផ្លូវកៅស៊ូដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានអញ្ជើញចូលរួមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានប្រជាពលរដ្ឋចំនួនជាង ១.០០០ នាក់៕