ព័ត៌មានជាតិ

ឃុំអូរស្វាយស្រុកកំពង់សៀមនឹងទទួលបានផ្លូវបេតុងនិងផ្លូវកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថារដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវជាបេតុង និងផ្លូវកៅស៊ូស្មើនឹងប្រវែងសរុបជាង ១០ គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋឃុំអូរស្វាយ ស្រុកកំពង់សៀម ហើយគម្រោងនេះ មន្រ្តីជំនាញនឹងចុះសិក្សាជាក់ស្តែងនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ បន្ទាប់ពីបានដឹកនាំសហការី និងមន្រ្តីជំនាញចុះពិនិត្យកៅស៊ូ DBST ប្រវែងជិត ១២ គីឡូម៉ែត្រ ដែលជាអំណាយដ៏ថ្លៃថ្លាលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងស្រុកកំពង់សៀម ក្នុងកិច្ចប្រជុំ នៃប្រតិភូក្រុមការងារត្រួតពិនិត្យផ្លូវនៅក្នុងសាលាឃុំអូរស្វាយ កាលពីថ្ងៃទី ១៤ កក្កដា ម្សិលមិញ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ស្នើឱ្យខាងនាយកទីចាត់ការផែនការ វិនិយោគ សាលាខេត្តកំពង់ចាម ចុះសិក្សាគម្រោងស្ថាបនាផ្លូវបេតុង និងកៅស៊ូឱ្យបានប្រវែង ១០ គីឡូម៉ែត្រ នៅឃុំអូរស្វាយ ស្រុកកំពង់សៀមនេះ។ ក្នុងនោះសាងសង់ជាផ្លូវបេតុងទាំងអស់ នៅក្នុងទីប្រជុំជនឃុំអូរស្វាយ ហើយតភ្ជាប់ពីទីប្រជុំជនសាងសង់ជាផ្លូវកៅស៊ូ។


លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពង់ចាមឱ្យដឹងថា នៅក្នុងផែនការ ក៏ដូចជាចក្ខុវិស័យលោកអភិបាលខេត្តកំពង់ចាម គឺគ្រោងនឹងពង្រាយផ្លូវនៅឃុំអូរស្វាយ ស្រុកកំពង់សៀមឱ្យបានច្រើនខ្សែ។ ដោយសិក្សាឱ្យបាលលើសពី ១០ គីឡូម៉ែត្រនេះទៀតក៏បានដែរ ពិសេសនៅតំបន់ទីប្រជុំស្ថាបនាជាផ្លូវបេតុង និងមានប្រព័ន្ធលូ ដើម្បីកុំឱ្យទឹកហូរច្រោះកាត់ផ្លូវ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរបានហើយនៅតំបន់ជនបទវាលស្រែចម្ការ យើងសាងសង់ជាផ្លូវកៅស៊ូ។
លោកនាយកទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពង់ចាមបានបន្តថា ជុំវិញការចុះគម្រោងផ្លូវបេតុង និងកៅស៊ូនៅឃុំអូរស្វាយ ស្រុកកំពង់សៀមនេះ ខាងលោកគ្រោងនឹងចាប់អនុវត្ត នៅក្រោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។


លោក ជា ស៊ាងហេង មេឃុំអូរស្វាយបានបញ្ជាក់ថា ផ្លូវលំដែលនៅជាផ្លូវដីតាមបណ្តាភូមិមានសរុបចំនួន ប្រាំមួយ ខ្សែមានប្រវែងសរុប ១៧.៧៧០ ម៉ែត្រមានៈ ភូមិព្រៃចក្រីទៅភូមិត្រពាំងកក់ប្រវែង ៧.៥០០ ម៉ែត្រ,សាលាបឋមសិក្សាត្រពាំងកក់ ដល់ផ្លូវកៅស៊ូប្រវែង ២.៥០០ ម៉ែត្រ,ពីផ្លូវបេតុងត្រពាំងកក់ ទៅដល់ផ្លូវបេតុងភូមិអូរស្វាយប្រវែង ២.៦០០ ម៉ែត្រ,ពីផ្លូវបេតុងភូមិព្រៃចក្រីទៅស្ពានបាឡេភូមិអម្ពិលក្រញាញ់ ២៧០ ម៉ែត្រ,ផ្លូវដីក្នុងភូមិព្រៃចក្រីប្រវែង ២.៤០០ ម៉ែត្រ និងផ្លូវដីក្នុងភូមិត្រពាំងកក់ប្រវែង ២.៥០០ ម៉ែត្រ៕