ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ស្ទឹងត្រែងចុះជូនដំណឹងនិងហាមឃាត់ការលក់ដូរគ្រឿងស្រវឹងថ្ងៃបោះឆ្នោត

ដោយ៖សុខុម
ស្ទឹងត្រែង៖មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងដែលមានលោកអ៊ន់ប៉ោសឿនជាប្រធាននៅរសៀលថ្ងៃទី១៤ខែកក្កដានេះបានឲ្យមន្រ្តីក្រោមឱវាទចុះផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន, ខារ៉ាអូខេ ,ក្លិបកម្សាន្តទាំងអស់ត្រូវផ្អាកលក់គ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងចំថ្ងៃបោះឆ្នោត។


ប្រទេសកម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣។ដូច្នេះ អនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ត្រូវផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងមួយថ្ងៃទៀតគឺចំថ្ងៃបោះឆ្នោតតែម្តង។


លោក វន ទុំ អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយឲ្យដឹងថាដោយអនុវត្តតាមសារាចរណែនាំពីក្រសួងទេសចរណ៍លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរបានចាត់លោកឱ្យដឹកនាំមន្រ្តីចុះអនុវត្តផ្សព្វផ្សាយ ស្តីពីការហាមឃាត់ការលក់ដូរគ្រឿងស្រវឹង គ្រប់កន្លែងក្នុងខេត្តស្ទឹងត្រែងជាពិសេសនៅតាមអាហារដ្ឋាន ខារ៉ាអូខេ ក្លិបកម្សាន្តជាដើម។


លោកអនុប្រធានមន្ទីរបានបន្តថាការហាមឃាត់មួយថ្ងៃមុនបោះឆ្នោតនិងចំថ្ងៃបោះឆ្នោតនេះគឺដោយសារវាគឺជាពេលវេលាមួយដែលតម្រូវឱ្យអ្នកបម្រើសេវាកម្មការងារនៅតាមកន្លែងនីមួយៗបានឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោត។


ជាមួយនោះម្ចាស់ទីតាំងលក់គ្រឿងស្រវឹងទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងសុទ្ធតែបានសន្យាថានឹងអនុវត្តតាមសារាចរណែនាំ របស់ក្រសួងទេសចរណ៍ក៏ដូចជាការចុះណែនាំដោយផ្ទាល់របស់មន្រ្តីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យបានល្អផងដែរ៕