សន្ដិសុខសង្គម

បំបែកសំណុំរឿងរថយន្តឡាវលួចដឹកគ្រឿងញៀនជាង១០០គីឡូក្រាមចូលដល់កណ្តាលទីក្រុងភ្នំពេញ

ដោយ៖សុខុម

ស្ទឹងត្រែង៖ មកដល់ពេលនេះសមត្ថកិច្ចចម្រុះកំពុងតែបន្តស៊ើបអង្កេតយ៉ាងក្តៅគគុកទៅលើសំណុំរឿងរថយន្តឡាវមួយគ្រឿងបានលួចដឹកគ្រឿងញៀនជាង១០០គីឡូក្រាមឆ្លងកាត់ទឹកដីរាប់រយគីឡូម៉ែត្រចូលដល់កណ្តាលក្រុងភ្នំពេញដោយស្រួលកាលពីពេលថ្មីៗនេះ។

សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤កក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជាច្រើនស្ថាប័នរួម និងអាជ្ញាធរខេត្តស្ទឹងត្រែងផងនឹងបន្តចុះស៊ើបអង្កេត បន្ថែមទៀតដើម្បីបង្ហាញអំពីលទ្ធផលជាក់ស្តែងក្រោយពីសាកសួរទៅលើមន្រ្តីប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៣មានរថយន្តឡាវមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខឡាវ ៣៧៧៧ បានជួបគ្រោះថ្នាក់ចរាចរនៅខណ្ឌសែនសុខរាជធានីភ្នំពេញ។ ឧបទ្ទវហេតុនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនទឹកកកជាង១០០ដុំ នៅក្នុងរថយន្តដែលពាក់ផ្លាកលេខឡាវ។ចំណែកជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់ទាំងអស់។ នេះចេញវាជួបនឹងគ្រោះថ្នាក់ចរាចរចុះប្រសិនបើមិនជួបនឹងគ្រោះថ្នាក់នេះទេវានឹងទៅជាយ៉ាងណា?

ក្រោយពីមានរឿងអាស្រូវបែបនេះ សមត្ថកិច្ចជំនាញក៏បានបើកការស៊ើបអង្កេតជាបឋមឃើញថា រថយន្តផ្លាកលេខឡាវដែលក្រឡាប់នៅគឺមានផ្ទុកគ្រឿងញៀន។ មុនពេលកើតហេតុបានឆ្លងកាត់ពីប្រទេសឡាវតាមច្រកទ្វារអន្តរជាតិ ណងណុកឃៀនខេត្តចម្ប៉ាសាក់មកត្រពាំងក្រៀល ខេត្តស្ទឹងត្រែងនិងបន្តដំណើរចម្ងាយរាប់រយគីឡូម៉ែត្រចូលដល់ទីក្រុងភ្នំពេញក្នុងថ្ងៃទី៧កក្កដា។

ក្រោយមកនៅព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣ គណៈកម្មការដែលមានសមាសភាពមន្ទីរប្រឆាំងគ្រឿងញៀន (ក ៩) ស្នងការដ្ឋាននគរបាលខេត្តនិងអាជ្ញាធរខេត្តស្ទឹងត្រែងបានទៅដល់ប៉ុស្តិ៍ច្រកទ្វារ ដើម្បីសាកសួរទៅលើមន្ត្រីត្រួតពិនិត្យប្រចាំការឆែកកាមេរ៉ាសុវត្ថិភាព។

ជាលទ្ធផលឆែកកាមេរ៉ាសុវត្ថិភាព វាបានបង្ហាញថា រថយន្តដឹកគ្រឿងញៀនផ្លាកលេខឡាវខាងលើនេះ ពិតជាបានឆ្លងកាត់ពីប្រទេសឡាវចូលកម្ពុជា តាមច្រកត្រពាំងក្រៀលពិតប្រាកដមែនក្នុងថ្ងៃទី៧កក្កដា មានមនុស្សសរុបចំនួន៤នាក់ស្រី២នាក់នៅក្នុងរថយន្តសុទ្ធតែជាជនជាតិឡាវ។

មន្រ្តីនគរបាលប្រចាំការ ច្រកត្រពាំងក្រៀលបានអះអាងថាដំបូងមិនចាំថា រថយន្តឆ្លងកាត់មានពាក់ព័ន្ធដឹកគ្រឿងញៀននោះទេពីព្រោះក្នុងមួយថ្ងៃៗមានរថយន្តច្រើនគ្រឿងណាស់ ដែលបានធ្វើដំណើរឆ្លងកាត់ពីឡាវមកកម្ពុជា។ចំពោះកាបូបឬវាលិស ក៏ត្រូវបានឆ្លងកាត់ពីម៉ាស៊ីនស្កែននិងឆែកដោយមន្រ្តីយ៉ាងម៉ឺងម៉ាត់បំផុតដែរ ជៀសវាងមានគ្រឿងញៀនឆ្លងកាត់ចូលក្នុងប្រទេសរកម្ពុជា។

រូបថតមើលពីក្នុងកាមេរ៉ានៅប៉ុស្តិ៍ត្រួតពិនិត្យ

ប្រភពបានឱ្យដឹងទៀតថាជនជាតិឡាវដែលបានរួមដំណើរឆ្លងកាត់ចូលមកនេះ ក៏មានការបញ្ជាក់ឯកសារច្បាប់និងបិទរូបថតត្រឹមត្រូវផងដែរ។ប៉ុន្តែ ក្រោយពីកើតហេតុពួកគេបានគេចខ្លួនរត់ប្រាសអាយូស។

លោក ញ៉ែម បូរឹម ប្រធានប៉ុស្តិ៍ស្តីទី ច្រកទ្វារអន្តរជាតិជាតិត្រពាំងក្រៀលបានបញ្ជាក់យ៉ាងមុតមាំថា រាល់ការចេញចូលរបស់ភ្ញៀវដែលត្រូវឆ្លងកាត់គឺមានការត្រួតពិនីត្យពីមន្ត្រីយ៉ាងល្អិតល្អន់បំផុតមុននឹងអនុញ្ញាតឱ្យបន្តដំណើរចូលកម្ពុជា។

លោកបានបន្តថាសមត្ថកិច្ចលោកគ្រប់គ្រងតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។ចំពោះរថយន្តនេះពិតជារកមិនឃើញមាន បទល្មើសគ្រឿងញៀនឡើយ។ ប៉ុន្តែបើសិនជារថយន្តនោះចេញផុតពីប៉ុស្តិ៍ទៅហើយ គេលួចដាក់ឬដឹកគ្រឿងញៀននៅកន្លែងណាមួយគឺសមត្ថកិច្ចលោកមិនទទួលខុសត្រូវទេ។

រូបថតៈសមត្ថកិច្ចត្រួតពិនិត្យសម្ភារភ្ញៀវឆ្លងកាត់ព្រំដែនឡាវ-កម្ពុជ

លោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា លោកបានចូលរួមជាសមាជិកក្នុងគណៈកម្មការស៊ើបអង្កេតពីសំណុំរឿងគ្រឿងញៀននេះដែរ ប៉ុន្តែមិនទាន់អាចបកស្រាយអ្វីបានទេពីព្រោះក្រុមការងារមិនទាន់បង្ហាញអំពីលទ្ធផលពិតប្រាកដគឺរង់ចាំថ្ងៃទី១៤ឬ១៥ ខែកក្កដានេះសិន៕