សន្ដិសុខសង្គម

ជនជាតិចិនម្នាក់ថ្លើមធំបើកឡានលឿនដូចហោះបុករះរបួស៤នាក់ផ្អើលក្រុងព្រះសីហនុទាំងកណ្តាលអធ្រាត្រ

ដោយ៖រតនា

ព្រះសីហនុ៖ ជនជាតិចិនម្នាក់បានបើករថយន្តបុករះរថយន្ត៣គ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនៅម្តុំចំណោតអណ្ដូងអន្តាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ខណៈពេលដែលពួកគាត់កំពុងអង្គុយហូបអាហារនៅក្បែរនោះបានឮសំឡេងរថយន្តសេរីទំនើបមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2Z 2915 បើកចុះចំណោតពីវិមានឯករាជ្យ(ពីលិចទៅកើត)។

រថយន្តនោះបើកក្នុងល្បឿនលឿនហើយនៅពេលមកដល់ចំណុចកើតហេតុដំបូងក៏បុកគូទរថយន្តម៉ាកអាលផាតពណ៌ខ្មៅនិងជ្រុលទៅបុកម៉ូតូកង់បី ពេញទំហឹងនិងបានបន្តទៅមុខបុករថយន្តម៉ាក ព្រូសនិងម៉ាក់តាកុមារមួយគ្រឿងទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណង់និងបង្កឲ្យមនុស្សចំនួន 4 នាក់រងរបួសធ្ងន់។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលកំពុងបរិភោគអាហារនៅក្បែរនោះបាននាំគ្នាចេញទៅឃាត់ម្ចាស់រថយន្តបង្កជនជាតិចិនដែលមានសភាពដូចជាទ្រេតទ្រោតដូចជាស្រវឹងអ្វីម្យ៉ាងនោះដើម្បីប្រគល់ជូនទៅឲ្យសមត្ថកិច្ចដើម្បីយកទៅអនុវត្តនៅតាមនីតិវិធី៕