សន្ដិសុខសង្គម

ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះអ្នកភូមិជាង១០នាក់សង្ស័យថាពុលមីឆា

ដោយ៖សុខុម

កំពង់ឆ្នាំង៖ មកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា នេះក្រុមគ្រូពេទ្យនិងសាច់ញាតកំពុងតែបន្តជួយសង្គ្រោះជីវិតអ្នកភូមិជាច្រើននាក់ដែលសង្ស័យថាបានពុលមីឆានៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៣។

អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដាថា ករណីពុលបណ្តាលឲ្យចុកពោះក្អួត ចង្អោរ រាកគឺបន្ទាប់ពីប្រជាជនដែលរស់នៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បានហូបមីឆាដែលគេរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។

សមត្ថកិច្ចបន្តថា ក្រុមគ្រួសារ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បញ្ជូនពួកគាត់ដែលពុលទាំងនោះទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត។ករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។

នៅព្រឹកថ្ងៃទី១៤កក្កដា២០២៣នេះ ក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្រុមគ្រូពេទ្យបានឲ្យដឹងថាអ្នកជំងឺទាំងអស់មានអាការស្រួលបណ្តើរៗវិញហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់ធ្ងរនោះទេ ៕