សន្ដិសុខសង្គម

កំពុងរកមូលហេតុករណីឆេះឃ្លាំងសិប្បកម្មដេរពូកសាឡុងជនជាតិវៀតណាមមួយកន្លែង

ដោយ៖សុខុម

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវមូលហេតុករណីឆេះឃ្លាំងសិប្បកម្មរបស់ជនជាតិវៀតណាមម្នាក់ដែលស្ថិតនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះអគ្គិភ័យខាងលើនេះម្ចាស់ទីតាំងឈ្មោះ សុខ ចន្ទី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ:  ម្ចាស់សិប្បកម្ម ។ ឃ្លាំងសិប្បកម្មប្រភេទសំណង់:  ទំហំ ១៥ម៉ែត្រគុណ ២០ម៉ែត្រ ដោយការឆាបឆេះនេះបានធ្វើឱ្យខូចខាតសម្ភារក្នុងឃ្លាំងសិប្បកម្មមានដូចជា ៖ ម៉ាស៊ីនដេរនិងផុងចំនួន ០៥គ្រឿង, រថយន្ត PAJERO ចំនួន ០១គ្រឿង, ម៉ូតូ Honda Air​Black ចំនួន ០១គ្រឿង និងឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន ០១ខ្នងអស់ទាំងស្រុង និងផ្ទះថ្មចំនួន ០១ខ្នង (ខូចខាតប្រហែល១០%)។

ករណីគ្រោះអគ្គិភ័យនេះគឺមិនបណ្ដាលឲ្យមនុស្សរងរបួស ឬស្លាប់ឡើយ ដោយកម្លាំងជំនាញរបស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៥គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគុប ។ ក្នុងនោះមានរថយន្តជំនួយពីអង្គភាពផ្សេងបានប្រើប្រាស់ទឹកអស់ ចំនួន១៦ឡានផងដែរ ទើបបានធ្វើការបាញ់ទឹកពន្លត់ចប់នៅម៉ោង ១៨និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល ។ មូលហេតុនៃការឆាបឆេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕