អន្តរជាតិ

ស្ត្រីឡើងភ្នំ ម្នាក់បានធ្លាក់ពីលើភ្នំក្នុងរយៈកម្ពស់រាប់រយហ្វីតបណ្តាលឲ្យបាត់បង់ជីវិត

ដោយ៖សហការី

ភ្នាក់ងារឧទ្យានជាតិបានប្រាប់ឲ្យដឹងថាមានស្ត្រីម្នាក់អាយុប្រហែល ២៦ ឆ្នាំមកពីទីក្រុង Boulder រដ្ឋ Colorado បានស្លាប់ក្រោយពីបានធ្លាក់ពីលើភ្នំក្នុងរយៈកម្ពស់ប្រហែល ៥០០ហ្វីតប្រហែលជាង១៥០ម៉ែត្រ ក្នុងខណៈពេលដែលគាត់បានឡើងភ្នំតែម្នាក់ឯងនៅឧទ្យានជាតិ Rocky Mountain កាលពីថ្ងៃអាទិត្យ។

ភ្នាក់ងាឧទ្យានជាតិបាននិយាយកាលពីថ្ងៃចន្ទថា ដៃគូឡើងភ្នំជាមួយស្ត្រីមិនស្គាល់អត្តសញ្ញាណនេះមានអាយុប្រហែល ២៧ ឆ្នាំបានទូរសព្ទទៅកាន់ក្រុមអនុរក្សឧទ្យានជាតិដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះដៃគូរបស់ខ្លួនដែលបានធ្លាក់ពីលើភ្នំ Blitzen Ridge ក្នុងជួភ្នំ Ypsilon បណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែង ។

ការឡើងភ្នំក្នុងប្រភេទ Free-soloing គឺជាបច្ចេកទេសឡើងភ្នំទោលតែម្នាក់ឯងគត់ដ៏ប្រថុយប្រថានបំផុតមួយ ដែលអ្នកឡើងភ្នំមិនមានខ្សែរ៉កជាជំនួយ ឬឧបករណ៍ការពារសុវត្ថិភាពនោះទេដែលធ្វើឲ្យពួកគេធ្លាក់ពីលើភ្នំដោយគ្នានឧបករណ៍ការពារសុវត្ថិភាព។

ភ្នាក់ងារឧទ្យានជាតិបាននិយាយថា ក្រុមរុករក និងក្រុមជួយសង្គ្រោះបានទៅដល់ទីតាំងរបស់ដៃគូឡើងភ្នំដែលមិនរងគ្រោះថ្នាក់កាលពីយប់ថ្ងៃអាទិត្យ ទោះបីជាទីតាំងរបស់គាត់តម្រូវឲ្យមានជំនួយតាមផ្លូវអាកាសពីឆ្មាំជាតិក្នុងរដ្ឋ Colorado ក៏ដោយក៏ក្រុមរុករក និងក្រុមជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រពីមូលដ្ឋានទ័ពអាកាស Buckley ដើម្បីយកចេញពីកន្លែងដ៏គ្រោះថ្នាក់។

នៅព្រឹកថ្ងៃចន្ទ ក្រុមរុករក និងជួយសង្គ្រោះបានឡើងភ្នំនៅតំបន់ក្បែបឹង Ypsilon ដើម្បីរៀបចំយកសាកសពស្ត្រីរងគ្រោះដឹកតាមឧទ្ធម្ភាគចក្រ។ បន្ទាប់មកសាកសព​ត្រូវ​បាន​គេ​ដឹក​ទៅកាន់​កន្លែង​ផ្សេង​ទៀត​ក្នុងឧទ្យានជាតិ ហើយ​​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ត្រួតពិនិត្យ​ដើម្បីធ្វើកោសលវិច័យ ដែល​នឹង​កំណត់​ពី​មូលហេតុ​នៃ​ការ​ស្លាប់របស់ស្រ្តីរងគ្រោះ។

នេះ​ជា​ការ​ស្លាប់​លើក​ទី​ពីរ​ដែល​គេ​បានរាយការណ៍នៅក្នុង​ខែ​នេះ​នៅក្នុង​ឧទ្យាន​ជាតិ Rocky Mountain ។ មានបុរសអាយុ ២៥ ឆ្នាំម្នាក់បានស្លាប់កាលពីសប្តាហ៍មុនបន្ទាប់ពីបានដួលហើយធ្លាក់ចូលក្នុងជ្រោះនៅឯទឹកធ្លាក់ West Creek ក្នុងឧទ្យានជាតិ៕

ប្រភព៖ CNN