សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកមន្ត្រីយោធាបាញ់ជាច្រើនគ្រាប់នៅស្រុកព្រៃនប់

ដោយ៖សហការី

ព្រះសីហនុ៖ មន្ដ្រីយោធាម្នាក់បានដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ដោយមិនដឹងមូលហេតុ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ដំបូងមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថា ឮសូរសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅទីតាំងខាងលើ។ ភ្លាមៗនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញសម្បកកាទូសចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យបង្កគឺជាមន្រ្តីយោធាម្នាក់។

បើតាមសេចក្ដីរាយការណ៍ ជនសង្ស័យបានបើកបររថយន្តឡង់គ្រីស័រពណ៌ស ១គ្រឿង និងមានមនុស្សប្រហែល១០នាក់ដើរមកជាមួយ បានសួរកម្មករកំពុងលើកដាក់ដែក សួររួចក៏ចេញទៅវិញបានបន្តិចក៏ផ្ទុះអាវុធចំនួន៣គ្រាប់ រួចក៏បើកបរចូលផ្ទះនៅខាងក្រោមកន្លែងកើតហេតុបាត់ទៅ។

រហូតមកដល់ថ្ងទី១២ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចគឺនៅមិនទាន់ស្វែងរកឃើញជនសង្ស័យបាញ់បោះអនាធិបតេយ្យទាំងកណ្តាលយប់ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនោះមកចាត់ការទៅតាមច្បាប់នៅឡើយទេ៕