ព័ត៌មានជាតិ

រដ្ឋបាលខេត្តទទួលស្គាល់សំណង់នៅលើព្រែកអន្លង់គគីរស្រុកកងមាស ពិតជារំលោកលើចំណីព្រែក តែជួយទប់ស្កាត់ការបាក់ច្រាំង

ដោយ៖ គង់ហេង

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្គាល់សំណង់រឹងមាំដែលសង់នៅលើមាត់ព្រែកអន្លង់គគីរ ក្នុងឃុំស្តៅ ស្រុកកងមាស គឺពិតជារំលោភបំពានលើចំណីដែលជាសម្បត្តិសាធារណៈពិតប្រាកដមែន។ ប៉ុន្តែសំណង់មួយនេះបានជួយទប់ស្កាត់ការបាក់ច្រាំងព្រែក ដែលនឹងអាចបង្កឱ្យប៉ះពាល់ដល់ផ្លូវមានប្រជាពលរដ្ឋឆ្លងកាត់យ៉ាងមមាញឹក២៤ ម៉ោងប្រវែងជាង ២០ គីឡូម៉ែត្រ គឺអនុញ្ញាតឱ្យសាងសង់បន្ត ដោយបច្ចុប្បន្នសំណង់នេះសាងសង់សម្រេចបានប្រមាណ ៦០ភាគរយ គឺនៅពេលស្ថាបនារួចរាល់ ម្ចាស់សំណង់សន្យាទុកជាសាលាសំណាក់ដល់អ្នកដំណើរទូទៅ។

លោក ស្រី សុភ័ក្រ្ត អ្នកនាំពាក្យ នៃរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១១ កក្កដាថា នៅលើទិដ្ឋភាពច្បាប់ដីចំណីព្រែកទាំងអស់ គឺជាសម្បត្តិសាធារណៈ មិនត្រូវបានបុគ្គលណារំលោភបំពានធ្វើជាកម្មសិទ្ធិ ឬប្រយោជន៍បុគ្គលឡើយ។ ប៉ុន្តែចំពោះករណីខាងលើនេះ គឺផ្តើមចេញពីបុគ្គលម្ចាស់សំណង់ គាត់មានបំណងចង់សាងសង់សំណង់ទប់ច្រាំងព្រែក កុំឱ្យបាក់ស្រុត ត្បិតអីផ្ទះរបស់គាត់នៅក្បែរទីនោះដែរ។ ម៉្លោះហើយគាត់មានការបារម្ភការបាក់ស្រុតមកដល់ផ្លូវ និងមកដល់ផ្ទះ ទើបគាត់ចំណាយធនធានផ្ទាល់ខ្លួនក្នុងការសាងសង់សំណង់ទប់ច្រាំងព្រែកនេះ។

លោក ស្រី សុភ័ត្រ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម

លោកអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញករណីនេះ ក៏បានចាត់ឱ្យរដ្ឋបាលស្រុកកងមាស ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរចុះពិនិត្យជាក់ស្តែងនៅថ្ងៃទី ១១ កក្កដានេះ។ ជាលទ្ធផលឃើញថា ពិតជាមានស្ថានភាពដូចការអះអាងរបស់ម្ចាស់សំណង់ពិតប្រាកដមែន។ ម៉្យាងម្ចាស់សំណង់បានធានាអះអាង គឺគាត់គ្មានបំណងយកដីចំណីព្រែកនោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ និងមានការធានាជាកិច្ចសន្យានៅចំពោះមុខអាជ្ញាធរ។

លោក អឿន សុធាលី ជាអភិបាលរងស្រុកកងមាសបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចុះពិនិត្យជាក់ស្តែងនៅការដ្ឋាន សំណង់នោះនៅថ្ងៃទី១១ កក្កដានេះថា ដោយមានការភាន់ច្រឡំ របស់មហាជនទាក់ទិនទៅនឹងសំណង់ប៉ះពាល់លើចំណីព្រែកអន្លង់គគីរ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ដែលមានម្ចាស់ឈ្មោះ សេង គឹមសា ភេទស្រី អាយុ ៧២ ឆ្នាំ ដែលមានផ្ទះនៅផ្លូវចុះនៃព្រែកនេះ។

លោកអភិបាលរងស្រុកកងមាសបានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំជាពិសេសនៅរដូវទឹកទន្លេមេគង្គ គឺនៅចំសំណង់ដែលកំពុងកសាងនេះ ដីមាត់ច្រាំងតែងបាក់ស្រុតខួងចូលស្ទើរដាច់ផ្លូវខាងមុខផ្ទះរបស់គាត់។ បញ្ហានេះស្រ្តីម្ចាស់សំណង់បានស្នើសុំទៅអាជ្ញាធរ សាងសង់សំណង់ជារបៀបសាលាសំណាក់ មិនមែនលំនៅឋាន សម្រាប់បម្រើផលប្រយោជន៍រួមសាធារណៈរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់ទប់ស្កាត់ការបាក់ច្រាំងព្រែកនេះបន្តទៀត។ ម្យ៉ាងបើសិនជាមានការបាក់ច្រាំងព្រែកបង្កឱ្យប៉ះពាល់ដាក់ផ្លូវមួយខ្សែមានប្រវែងជាង ២០ គីឡូម៉ែត្រ គឺនឹងស្ទះចរាចរណ៍ដ៏មមាញឹក ២៤ម៉ោងលើ២៤ម៉ោងរបស់ប្រជាពលរដ្ឋឃុំព្រែកកុយ ឃុំរាយប៉ាយ ស្រុកកងមាស និងអាចដល់ប្រជាពលរដ្ឋឃុំច្បារអំពៅ ស្រុកបាធាយថែមទៀតផង។

លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាសបានឱ្យដឹងដែរថា សំណង់ដែលកំពុងស្ថាបនា គឺពិតជានៅលើដីចំណីព្រែកអន្លង់គគីរពិតមែន ដោយសម្រេចបានប្រមាណ ៦០ ភាគរយ និងខាងលោកមិនបានចេញច្បាប់អនុញ្ញាត ឱ្យសាងសង់ទេ។ ប៉ុន្តែពិនិត្យជាក់ស្តែងសំណង់នេះជាសំណង់មិនមែនជាសំណង់លំនៅឋានសម្រាប់ផ្ទាល់ខ្លួន គឺម្ចាស់សំណង់សន្យាទុកបម្រើឲ្យ​ផលប្រយោជន៍សាធារណៈ និងជាសំណង់រឹងមាំការពារច្រាំងព្រែកក៏បន្តអនុញ្ញាតឱ្យមានការសាងសង់៕