សន្ដិសុខសង្គម

ល្បែងមាន់ជល់កំពុងតែពង្វក់អ្នកភូមិដាច់ស្រយាល

ដោយ៖សុខុម

ស្ទឹងត្រែង៖ ល្បែងស៊ីសងភ្នាល់ដាក់លុយប្រភេទចាប់គូមាន់ជល់តថ្លៃតាមរៀបជារង្វង់ ក្រោមម្លប់ចន្ទីក្នុងដីចម្ការអ្នកភូមិ នៅតែបន្តកើតមានរាល់ថ្ងៃ នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងគឺជាមុខដដែលៗក្នុងតំបន់នោះ ហើយណាត់គ្នាបោសសម្អាតដីដាក់រង្វង់ដើម្បី ប្រកួតមាន់ជល់ភ្នាល់ដាក់លុយគ្នា។

បើទោះបីជាការចាប់គូមាន់ឱ្យជល់គ្នា អ្នកខ្លះថាជាប្រភេទល្បែងកម្សាន្តដែលមានតាំងពីដូនតាមក ក៏ប៉ុន្តែក្រុមអ្នកទៅលេងនោះ មិនត្រឹមតែលេងម៉ាសម្បាយទេ ពួកគេប្រើដែកមុតស្រួចរុំស្កុតនៅជាប់នឹងខ្នាយមាន់បញ្ជល់ដាក់លុយភ្នាល់យកឈ្នះចាញ់ទៅវិញ។ល្បែងស៊ីសងប្រភេទនេះគឺវាខុសទៅនឹងភូមិឃុំសុត្ថិភាពនិងច្បាប់ប្រទេសទៀតផង។

អ្នកទៅលេងបានប្រាប់ថា រាល់ពេលលេងម្តងៗគឺគេណាត់ជួបគ្នាចាប់គូជាមុនសិន ហើយទៅប្រកួតមាន់ដាក់លុយនៅក្នុងព្រៃស្ងាត់ ឆ្ងាយពីទីប្រជុំជន។ បើចង់លេងបានសុខក៏ត្រូវបង់ប្រាក់ទៅសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរដើម្បីកុំឱ្យគេចុះចាប់។

ប្រភពបានឱ្យដឹងទៀតថា ជួនពេលខ្លះសមត្ថកិច្ចចុះបង្រ្កាបហើយស្ងាត់តែមួយថ្ងៃឬពីរថ្ងៃទេ ក្រោយមកក៏ណាត់គ្នាលេងទៀត។ ចំពោះ សមត្ថកិច្ចដែលចុះទៅបង្រ្កាបម្តងៗគេកម្រនឹងឃើញចាប់បានមនុស្ស ដកហូតវត្ថុតាងទាំងអស់បញ្ជូនទៅតុលាការឡើយ គឺចុះទៅដូចគ្រាន់តែបង្អើលឱ្យអ្នកលេងរត់តែប៉ុណ្ណោះ។

លោក អេង ភត្រា នាយប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបាននិយាយឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៣ថា ករណីលេងមាន់ជល់ សមត្ថកិច្ចបានចុះបង្រ្កាបហើយ។ លោកមិនអាចបកស្រាយលម្អិតប្រាប់អ្នកកាសែតលើករណីនេះបានទេ គឺទាល់តែសុំយោបល់មេជាមុនសិន៕