អន្តរជាតិ

មេបញ្ជាការនាវាមុជទឹករុស្ស៊ីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងព្រឹក

ប្រែសម្រួល៖រ៉ាម៉េត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS របស់រុស្ស៊ីបានរាយការណ៍ថា មេបញ្ជាការនាវាមុជទឹករុស្ស៊ី និងជាអនុប្រធានទទួលបន្ទុកការចល័តយោធានៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ត្រូវបានបាញ់សម្លាប់។

យោងតាម ​​TASS មន្ត្រីម្នាក់ឈ្មោះ Stanislav Rzhitsky ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងកាលពីព្រឹកថ្ងៃចន្ទ ហើយសំណុំរឿងព្រហ្មទណ្ឌចំពោះការសម្លាប់នេះត្រូវបានបើកការស៊ើបអង្កេត។

មន្ត្រីដែលត្រូវបានសម្លាប់ក៏ជាមេបញ្ជាការនៃនាវាមុជទឹកនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលបណ្តាញព័ត៌មានក្នុងស្រុកក្នុងប្រទេសអ៊ុយក្រែនបានអះអាងថា ជាអ្នកទទួលខុសត្រូវចំពោះការបាញ់បង្ហោះកាំជ្រួចនាវា Kalibr ទៅកាន់គោលដៅរបស់អ៊ុយក្រែន។

TASS បានរាយការណ៍ថា Rzhitsky បានបញ្ជានាវាមុជទឹក Krasnodar ដែលដាក់ឈ្មោះតាមទីក្រុងនៅក្នុងកងនាវាចររុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី នាវា Krasnodar គឺជានាវាមុជទឹកអគ្គិសនីប្រើម៉ាស៊ូត ដែលផលិតឡើងសម្រាប់កងនាវាសមុទ្រខ្មៅ ហើយត្រូវបានរចនាឡើង “ដើម្បីប្រយុទ្ធនឹងនាវាលើផ្ទៃទឹក និងនាវាមុជទឹក ដាក់គ្រាប់មីន និងធ្វើការឈ្លបយកការណ៍”។

ប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលគ្របដណ្តប់លើប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានអះអាងថា Rzhitsky ត្រូវបានបាញ់ចំនួន 4គ្រាប់ក្នុងអំឡុងពេលរត់ពេលព្រឹកនៅជិតកន្លែងកីឡាមួយ ហើយថាគាត់បានចូលរួមក្នុងការវាយប្រហារដោយកាំជ្រួចពីនាវាមុជទឹកលើទីក្រុង Vinnytsia របស់អ៊ុយក្រែនកាលពីខែកក្កដា ឆ្នាំ 2022 ដែលបានសម្លាប់ជនស៊ីវិល 23 នាក់ រួមទាំង កូនបីនាក់៕

ប្រភព៖ ALJAZEERA