សន្ដិសុខសង្គម

គ្រូសារដែលគេបាញ់ឲ្យរបួសជាទម្ងន់នៅខេត្តមណ្ឌលគិរីគឺនៅតែទទូចឲ្យសមត្ថកិច្ចចាប់ជនល្មើស

ដោយ៖សុខុម

ក្រុមគ្រួសារស្ត្រីរងគ្រោះដែលត្រូវជនស៊ីវីលប្រើអាវុធខុសច្បាប់ហើយបាញ់ឲ្យរបួសសួតនៅខេត្តមណ្ឌលគិរីកកាលពីពេលមុននោះ មកដល់ពេលនេះគឺនៅតែទាមទារដ៏ទទួចឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នាំខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។

គ្រួសារជនរងគ្រោះបាននិយាយថា ចាប់ពីពេលបាញ់ឲ្យរបួសជាទម្ងន់មកដល់ពេលនេះមានរយៈពេលជាច្រើនខែហើយតែជនដៃដល់នៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់។សមត្ថកិច្ចនៅមិនទាន់បាននាំខ្លួនជននោះយកមកកាត់ទោសដើម្បីផ្តល់នូវពន្លឺយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយទេ។

គួរំលឹកថាកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣ ជនសង្ស័យដែលគេស្គាល់ថា ឈ្មោះរស់ពុទ្ធាហៅក្របី បានបើករថយន្ត ចេញពីក្លិបផឹកស៊ីមួយនៅខេត្តមណ្ឌលគិរីដោយមានមនុស្សមួយចំនួនបានរួមដំណើរ។ នៅពេលបើកចេញដល់ត្រង់ភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រាប់តែឈ្មោះក្របីបានយកកាំភ្លើងបាញ់តាមទ្វាររថយន្តចេញមកក្រៅចំនួន៣គ្រាប់រួចងាកមកក្រោយសម្លឹងមើលឃើញឈ្មោះចនសុវណ្ណណេត បានទាញកាំភ្លើងបាញ់មកលើសុវណ្ណណេតត្រូវចំនួន១គ្រាប់(គ្រាប់បៀបជាប់នៅសួត) រួចក៏គេចខ្លួនបាត់។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តមណ្ឌលគិរីបានចុះទៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណជនល្មើស។រីឯជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

មន្រ្តីនគរបាលយុត្តិធម៌ខេត្តមណ្ឌលគិរីបានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗ ក្នុងបទល្មើសជាក់ស្តែងនិងបានកសាងសំណុំរឿងសុំដីកាតុលាការបញ្ជាឱ្យចូលខ្លួនលើឈ្មោះរស់ពុទ្ធាហៅក្របី ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យចូលខ្លួនតាមការស្នើសុំដើម្បីចាត់ការរឿ់ងនេះតាមច្បាប់។

ប៉ុន្តែរហូតមកដល់ពេលនេះជនសង្ស័យឈ្មោះរស់ពុទ្ធាហៅក្របីមិនទាន់ឃើញបានចូលខ្លួនមកកន្លែងសមត្ថកិច្ចនៅឡើយទេដោយមិនដឹងមកពីមូលហេតុអ្វី?  បើសំណុំរឿ់ងផ្សេងដែលមិនមានពាក់ព័ន្ធនឹងឈ្មោះរស់ ពុទ្ធាហៅក្របីនេះប្រហែលជាមិនអូសបន្លាយពេលយូរដូច្នេះទេ។

ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះរស់ ពុទ្ធាហៅក្របីនេះគឺជាអ្នកការពារឬ ហែហមបុគ្គលមានអំណាចដែលមានមុខរបររកស៊ីនៅខេត្តមណ្ឌលគិរីកន្លងមកអ៊ីចឹងហើយបានជាសមត្ថកិច្ចហាក់មានការលំបាកក្នុងការចាត់វិធានការតាមច្បប់នោះ។

មកដល់សម័យនេះទៅហើយស្ថាប័នពាក់ព័ន្ធមិនគួរណាទុកឱកាសឲ្យជនសង្ស័យជាជនស៊ីវិលប្រើប្រាស់អាវុធខុសច្បាប់ហើយបាញ់គេឲ្យរបួសទៀតបានរួចខ្លួនស្រួលៗបែបនេះឡើយ។ផ្តើមចេញពីនេះវាបានធ្វើឲ្យប្រជាពលរដ្ឋជាពិសេសគ្រួសារអ្នករងគ្រោះមិនសូវមានជំនឿទៅលើស្ថាប័នដែលជាអ្នកអនុវត្តច្បាប់នោះទេ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏នៅពេលថ្មីៗនេះតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញមកអះអាងបញ្ជាក់ថា ខ្លួនបានធ្វើការក្នុងរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុតជាមួយគ្រួសារជនរងគ្រោះនិងកម្លាំងមានសមត្ថកិច្ចរួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនដែលជាមេធាវីការពារក្តីឱ្យជនរងគ្រោះដើម្បីឱ្យបានឆាប់រហ័ស៕