សន្ដិសុខសង្គម

ស្លាប់ពីរនាក់នៅផ្លូវក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដោយ៖សុខុម

កំពង់ស្ពឺ៖មនុស្សពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាលើផ្លូវលេខ១៣០ ភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សុត សម្ភ័ស្ស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បើកម៉ូតូមួយគ្រឿងតែម្នាក់ឯងម៉ាកហុងដាស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញលេខ1BV.0702។

នៅពេលកំពុងបើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IE.1780 ជិះម្នាក់ឯងដូចគ្នា បើកបរដោយឈ្មោះ នៅ ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិដុតកំបោរ ឃុំព្រះនិព្វាន ស្រុកគងពិសី បើកបរពីទិសខាងលិចទៅទិសខាងកើត ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ​ម្នាក់ទៀតស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕