សន្ដិសុខសង្គម

បងធំមួយក្រុមបើកឆាកប្រយុទ្ធលើក្មេងមួយក្រុមទៀតទាំងកណ្តាលអធ្រាត្រ

ដោយ៖សុខុម
ភ្នំពេញ៖ មកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ក្រុមក្មេងៗដេញកាប់គ្នាប្រដាប់ដោយកាំបិតបុ័ងតោ និងដាវកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២៣នៅត្រង់ចំណុចក្លឹប DOT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ក្មេងដែលអះអាងថាជាជនរងគ្រោះបានប្រាប់ឲ្យដឹងថាដំបូងឡើយពួកខ្លួនមានគ្នា១០នាក់ជិះម៉ូត៤គ្រឿង បានបែកកង់ម៉ូតូហើយក៏ឈប់ប៉ះនៅជិតចំណុចកើតហេតុខាងលើ ។ ភ្លាមៗនោះក៏ស្រាប់តែលេចមុខមួយក្រុមដែលជាក្មេងដូចគ្នា បានជិះម៉ូតូជាច្រើនគ្រឿងប្រហែល៥០នាក់ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតមកលិច។

នៅពេលមកដល់ ចំណុចកើតហេតុក្រុមនោះក៏បានជិះហួសបន្តិចហើយ ក៏ត្រឡប់ក្រោយមកវិញឈប់ម៉ូតូចុះដកកាំបិតដាវដេញកាប់ យុវជនរងគ្រោះភ័យរត់ចោលម៉ូតូគ្រប់គ្នា។ក្មេងទាំងនោះ កាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន៣គ្រឿង និងកាប់យកផ្លាកលេខ១គ្រឿងចេញពីម៉ូតូរួចនាំគ្នាឡើងជិះម៉ូតូ ទៅទិសខាងកើតវិញបាត់អស់។ ចំណែកឯភាគីយុវជនរងគ្រោះបានរងរបួសស្រាលពីរនាក់ ហើយក៏នាំគ្នារត់ត្រឡប់ទៅយកម៉ូតូរបស់ខ្លួនវិញ។


ជុំវិញក្មេងស្ទាវមួយក្រុមព្រួតគ្នាកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀតទាំងកណ្តាលយប់អធ្រត្រនេះគេនៅមិនទាន់បានដឹងច្បាស់ថាវាបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះនៅឡើយទេ៕