សន្ដិសុខសង្គម

ចោរស្ទាក់ប្លន់យកម៉ូតូពីគ្រូបង្រៀនម្នាក់ទៅបាត់

ដោយ៖សុខុម

ឧត្តរមានជ័យ ៖ សមត្ថកិច្ចកំពុងតាមចាប់ចោរស្ទាក់ប្លន់យកម៉ូតូពីអ្នកគ្រូម្នាក់ក្រោយចេញដំណើរពីផ្ទះដល់ពាក់កណ្តាលផ្លូវ ទៅបង្រៀនសិស្សកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ តង់ សាឡាត់ អាយុ២៤ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ អ្នកគ្រូបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃកើតហេតុ ខ្លួនចេញពីផ្ទះទៅសាលា បង្រៀនសិស្សនៅសាលាបឋមសិក្សាដង្កោតាប៉ុក   ធ្វើដំណើរជិះម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម  សេ១២៥ ពណ៌ខ្មៅ ស៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧ.ជ 1F-៣៧០៩។

លុះទៅដល់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវល្លិយាវ  ឃុំបេង ស្រុកបន្ទាយអំពិល ស្រាប់តែលេចមុខចោរ២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅមានពាក់មួកសុវត្ថិភាពឃាត់អ្នកគ្រូឲ្យឈប់ ហើយភ្លាមនោះជនសង្ស័យម្នាក់ជិះខាងក្រោយ បានលោតចុះពីលើម៉ូតូស្ទុះទៅទាញដៃអ្នកគ្រូចេញទៅវាលស្រែ រួចស្រវាយកកាបូបដែលស្ពាយជាប់ខ្លួនអ្នកគ្រូថែមទាំងស្រែកគំរាមរកបាញ់សម្លាប់។ ពេលចោរកំពុងធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូអ្នកគ្រូក៏មានម៉ូតូប្រជាពលរដ្ឋម្នាក់ជិះដឹកប្រពន្ធ និងកូនតូចទៅដល់ ទើបអ្នកគ្រូបានស្រែកឲ្យប្រជាពលរដ្ឋនោះជួយចាប់ចោរ អ្នកគ្រូឆក់យកបានតែកាបូបគាត់ពីចោរវិញទេ។រីឯចោរពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿងក្នុងនោះម៉ូតូអ្នកគ្រូយកទៅបាត់ ៕