សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យដឹកគ្រឿងញៀនជាង១០០ដុំ

ដោយ៖សុខុម

ភ្នំពេញ៖ ករណីរថយន្ដម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ផ្លាកលេខឡាវបុករបាំងពុះចែកទ្រូងផ្លូវទៅមុខលែងរួច នៅខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ហើយឆែកឃើញគ្រឿងញៀនជាង១០០ដុំ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ហេតុការណ៍រថយន្ដបុកទ្រូងផ្លូវនេះ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មាននៅរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយទៅមុខលែងរួច។ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។

រថយន្តដែលជួបគ្រោះថ្នាក់ចរាចរខាងលើសមត្ថកិច្ចរកឃើញថ្នាំញៀនដ៏ច្រើននៅក្នុងរថយន្ត។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហាបាននិយាយទៀតថា សមត្ថកិច្ចក្រោយពីទទួលបានព័ត៌មាន បានចេញត្រួតពិនិត្យ ហើយស្ទូចយករថយន្តដែលជួបគ្រោះមានបទល្មើសមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ចំពោះកញ្ចប់ដុំដែលមានការសង្ស័យ ប្រមាណជាង១០០ដុំពិនិត្យឃើញថាជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក។

ប្រភពពីសមត្ថកិច្ចបានទម្លាយឱ្យដឹងថា មកដល់ពេលនេះជនសង្ស័យគឺសមត្ថកិច្ចកំណត់បានមុខសញ្ញាខ្លះហើយកំពុងតាមចាប់ខ្លួន៕