សន្ដិសុខសង្គម

ម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ខ្ទាតចូលកង់រថយន្តកិនស្លាប់

ដោយ៖សុខុម

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបុកជាមួយម៉ូតូឌុបគ្នាពីរនាក់ប្តីប្រពន្ធ ភ្លាមនោះជនរងគ្រោះម្នាក់បានខ្ទាតចូលក្រោមកង់រថយន្ត​បណ្តាលឱ្យកិនស្លាប់យ៉ាងអាណោចអាធ័មកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា៖ ក្រោយពេលកើតហេតុភ្លាម ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាគឺជាមនុស្សប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1U.7176 តែម្នាក់ឯង។ភាគីម្ខាងទៀតជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល  1AF   8468 ឌុបគ្នាពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ដោយឡែករថយន្ដដែលកិនមនុស្សស្លាប់ ប្រភេទឡានទ្រុងដឹកទំនិញម៉ាកFUSO ពាក់ផ្លាកលេខ កណ្ដាល 3A.3069។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ដំបូងឡើយបុរសដែលស្លាប់ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុក៏បុកគ្នាជាមួយម៉ូតូពីរនាក់ប្ដីប្រពន្ធក្នុងទិសដៅពីលិចទៅកើតញ្ច្រាសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំពោះរថយន្តសមត្ថកិច្ចក៏បានឃាត់ទុកផងដែរ៕