សន្ដិសុខសង្គម

អាចង្រិតពីរគ្រឿងពន្លះគ្នាស្លាប់ម្នាក់,របួសធ្ងន់២នាក់នៅផ្លូវជាតិលេខ៤

ដោយ៖សុខុម

ភ្នំពេញ៖ ម៉ូតូនិងម៉ូតូបើកលឿនបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់និង ពីរនាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងជាង១០យប់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ វ៉ាន់ ជីង អាយុ២០ឆ្នាំជាងជនជាតិខ្មែរ មុខរបរបើករថយន្តរោងចក្រ ស្នាក់នៅបន្ទប់ជួលជិតផ្សារបឹងបៃតង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅម្នាក់ឯង។ភាគីម្ខាងទៀតជិះគ្នាពីរនាក់ រងរបួសធ្ងន់ម៉ូតូម៉ាកហុងដា សេ125 ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JJ.5661មិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញអ្នកជិះម៉ូតូMSXធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុច កើតហេតុក៏បុកជាមួយម៉ូតូហុងដាសេ125 ជិះឌុបគ្នាពីរនាក់ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូMSXស្លាប់និង២នាក់ទៀតរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ចបាន ចុះពិនិត្យដល់កន្លែងកើតហេតុហើយយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕