ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញអ្នកទស្សនាបានច្រើន

សៀមរាប៖នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ អប្សរាកំពុងតែរិះរក កែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវគួរឱ្យចង់ទស្សនាបានកាន់តែច្រើនឡើងៗ។


តាមរយៈការរិះរកគំនិត រៀបចំសារមន្ទីរ ដើម្បីទាក់ទាញភ្ញៀវទេសចរនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ដែលមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៥នាក់ ដោយក្នុងនោះមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន២១នាក់ មន្ត្រីមកពីសារមន្ទីរ Eco-Global នៃអាជ្ញាធរជាតិព្រះវិហារ ចំនួន០១រូប មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន០១នាក់។


វគ្គបណ្ដុះបណ្ដាល ដើម្បីកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យភ្ញៀវចូលទស្សនានេះ មានរយៈពេល៤ខែ ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០២៣ ។


អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លោក ប៉ែន ចំរ៉ុង មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជាជំនួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការយូណេស្កូ និងតាមរយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីដែលបម្រើការនៅសារមន្ទីរក្នុងការរៀបចំធ្វើយ៉ាងណាបន្ថែមក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត។


លោកលោក ប៉ែន ចំរ៉ុង បញ្ជាក់ទៀតថាវគ្គបណ្ដុះបណ្ដាលនេះ បាន ផ្តោតទៅលើខ្លឹមសាររួមមាន ការណែនាំអំពីតួនាទី គោលបំណង និងការគ្រប់គ្រងសារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសអំពីការរៀបចំ និងការតាំងពិពណ៌សារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសនៃគោលនយោបាយគ្រប់គ្រងសមុច្ច័យ ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរចនាក្រាហ្វិកសម្រាប់ការផ្សាយពាណិជ្ជកម្មជាដើម។


ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីចៅ ស៊ុនកិរិយា មានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការរៀបចំ និងការកែលំអសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជាចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។
លោកស្រី ចៅស៊ុនកិរិយា បានហៅការបណ្តុះបណ្តាលជំនាញបន្ថែម របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនេះ ថាគឺជាការឱ្យចំណេះជំនាញទាំងអស់នោះបានបន្ត បានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្តផងនិងក៏ជាមោទកភាពចំពោះស្ថាប័នផងដែរ៕