ព័ត៌មានជាតិ

ផ្លូវបេតុងនិងផ្លូវកៅស៊ូប្រវែងសរុបជិត៣០គីឡូម៉ែត្រក្នុងស្រុកកងមាសនឹងស្ថាបនាហើយនៅចុងឆ្នាំនេះ

ដោយ៖ គង់ហេង

កំពង់ចាម៖ ផ្លូវបេតុង និងផ្លូវកៅស៊ូឆ្លងកាត់ឃុំចំនួនបី របស់ស្រុកកងមាស ដែលមានប្រវែងសរុបជិត ៣០ គីឡូម៉ែត្រជាថវិកាឥណទានធនាគារពិភពលោក រួមជាមួយថវិកាបដិភាគរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គឺនឹងស្ថាបនាហើយរួចរាល់នៅចុងឆ្នាំ២០២៣នេះ។ ប៉ុន្តែលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានស្នើឱ្យក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវមួយខ្សែនេះ ក៏ដូចជាផ្លូវច្រើនខ្សែផ្សេងទៀត និងសំណង់នានាក្នុងទឹកដីខេត្តកំពង់ចាមឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស និងប្រើប្រាស់បានយូរអង្វែង។

ដំណឹងស្តីពីលទ្ធផលផ្លូវខាងលើ និងជាការពោលជាសំណើរបស់អភិបាលខេត្តកំពង់ចាម ធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំសហការី និងមន្រ្តី នៃមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ផ្លូវ ស្ពាន និងលូ នៅក្នុងភូមិសាស្រ្តស្រុកកងមាស នៅថ្ងៃទី ៦ កក្កដានេះ។

ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលខេត្តកំពង់ចាម ដែលបានអមដំណើរលោក អ៊ុន ចានដា ជាអភិបាលខេត្តបានឱ្យដឹងថា ៖ផ្លូវប្រវែង ២៧ គីឡូម៉ែត្រទៀត ស្ថាបនាចាប់ពីឃុំរាយប៉ាយ ដល់ឃុំព្រែកកុយ និងឃុំស្ដៅ ក្នុងស្រុកកងមាស ដោយផ្លូវនេះស្ថាបនាជាផ្លូវបេតុងអាមេ ប្រវែងជិតប្រាំបួនគីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូជាង ១៨ គីឡូម៉ែត្រ ។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាសម្រេចបានជាង ៦០ ភាគរយ គឺអាចនឹងហើយរួចរាល់នៅក្នុងរង្វង់ចុងឆ្នាំ ២០២៣ ខាងមុខនេះ៕