ព័ត៌មានជាតិ

ប្រាំថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សទាំង១២នៅខេត្តកំពង់ចាម

ដោយ៖គង់ហេង

កំពង់ចាម៖ សកម្មភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣ របស់ គណបក្សនយោបាយសរុបចំនួន ១២ នៅខេត្តកំពង់ចាមឈានចូលដល់ថ្ងៃទី ៥ គឺមានតែគណបក្សប្រជាជនកម្ពុជាមានសកម្មភាពខ្លាំងក្លា និងផុលផុសជាងគេ។

លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ កក្កដាថា៖ យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនានា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាមមកដល់ថ្ងៃនេះ ប្រព្រឹត្តទៅបានចំនួន ប្រាំ ថ្ងៃ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានរូបភាព និងសកម្មភាព ខ្លាំងក្លាជាងគណបក្សដទៃ។ ដោយនៅថ្ងៃដំបូង(ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣) នៃការឃោសនានោះ បានដង្ហែជាក្បួនឃោសនា ថ្ងៃបន្តបន្ទាប់មានសកម្មភាពជួបជុំ ឱ្យអ្នកបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួន,មានសកម្មភាពចែកខិតប័ណ្ណ និងចាក់មេក្រូបន្លើសំឡេង តាមផ្លូវសាធារណៈ។

លោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងទៀតថា៖ចំណែកគណបក្សចំនួន ១១ ផ្សេងទៀតដូចជា គណបក្សរួបរួមជាតិ,គណបក្សហ្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន… អត់ទាន់មានដង្ហែជាក្បូនទ្រង់ទ្រាយធំនោះទេ។ ដោយគ្រាន់តែចុះចែកខិតប័ណ្ណ និងចាក់មេក្រូនៅតាមស្នាក់ការគណបក្ស។

លោកបានបន្ថែមថា៖ បញ្ហាសភាពការណ៍សន្តិសុខចាប់ថ្ងៃទី ១ ដល់ ៥ កក្កដានេះមានសភាពការណ៍ល្អ និងគ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ដោយគ្រាន់តែជួបបញ្ហាអាកាសធាតុភ្លៀងធ្លាក់ច្រើនបង្កឱ្យជួបប្រទះពិបាកក្នុងការធ្វើដំណើរ។

លោកបានបន្តថា៖ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ខេត្តកំពង់ចាមមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១២ ហើយខេត្តនេះ ក៏ដូចជាបណ្តាខេត្តដទៃទៀតដែរ គឺមានមណ្ឌលបោះឆ្នោតតែមួយ នៅក្នុងក្រុងតែម្តង,មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៦៨២ និងប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៦៥ម៉ឺន នាក់៕