កម្សាន្ដ

មនុស្សមួយក្រុមបាននាំគ្នាចាប់ត្រីឆ្លាមមួយក្បាលជិះដូចសេះដោយមិនខ្លាចស្លាប់

ដោយ៖ប្រសិទ្ធ

មហាជនបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយនិយាយថា នេះជាទង្វើឆ្កួតលីលាបំផុត ក្រោយឃើញឃ្លីបវីដេអូដែលបង្ហាញពីបុរសម្នាក់ ទាញត្រីឆ្លាមប្រវែង ៦ ហ្វីតចេញពីទឹកមកលើឆ្នេរជិះលេង។

តាមរយៈវីដេអូដែលបានបង្ហោះនោះ ហេតុការណ៍នេះបានកើតឡើងនៅ Panama City។ ការខឹងសម្បាបានផ្ទុះឡើងកាន់តែខ្លាំង ពីសំណាក់សាធារណជនហើយពួកគេចង់បានចម្លើយ នៅក្រោយពេលដែលអ្នកដើរលេងតាមឆ្នេរប៉ាណាម៉ាម្នាក់ បានបង្ហោះឃ្លីបវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញពីបុរសៗមួយក្រុម បានចាប់ត្រីឆ្លាមប្រវែង ៦ ហ្វីត មកជិះ បន្ទាប់ពីបានទាញវាពីក្នុងទឹក ហើយក្នុងខណៈនោះដែរ មនុស្សម្នានៅជុំវិញទីនោះបានអបអរសាទរដល់ពួកគេ។

 

ឃ្លីបវីដេអូដែលបង្ហោះដោយ Tammy Scott របស់ក្រុមអ្នកលេងហ្វេសប៊ុកដែលមានឈ្មោះថា ‘I Love Panama City Beach’ កាលពីថ្ងៃអាទិត្យ បានបង្ហាញពីសកម្មភាពរបស់បុរសមួយក្រុមមានគ្នាប្រមាណ ៧ នាក់ បានរួមគ្នាទាញត្រីឆ្លាមចេញពីក្នុងទឹក ហើយសង្កត់វាជាប់រួចបុរសម្នាក់ ក៏ចាប់ផ្តើមជិះត្រីឆ្លាមដ៏ធំមួយក្បាលនេះ ធ្វើដូចជាជិះនៅលើខ្នងសេះអ៊ីចឹង។

រូបថតផ្សេងទៀតដែលបានមកពីឆ្នេរ Florida បានបង្ហាញថា មានបុរសជាច្រើននាក់អង្គុយនៅលើក្បាលត្រីឆ្លាម ស្របពេលជាមួយគ្នានោះ ត្រីឆ្លាមកំពុងខិតខំរើបំរះរំដោះខ្លួនលោតចូលទៅក្នុងទឹកវិញ ខណៈពេលដែលមនុស្សម្នាជាច្រើននៅ បានសើចសប្បាយរីរាយយ៉ាងខ្លាំង។ ឃ្លីបវីដេអូនេះបានបង្កឲ្យមានការខឹងសម្បាជាសាធារណៈ ហើយមានមតិរាប់រយបង្ហោះលើអ៊ីនធើណិត ដើម្បីរិះគន់ទៅលើក្រុមបុរសទាំងនោះ។ ដោយគេនិយាយថា​ មិនគួរធ្វើបែបនេះនោះទេ សំណាងហើយទង្វើនេះនៅលើគោក បើនៅក្នុងទឹងវិញដឹងតែចប់របស់ត្រីឆ្លាមហើយ៕