សន្ដិសុខសង្គម

រថយន្តគោយន្តកែច្នៃដឹកអុសចុះចំណោតខូចហ្វ្រាំង ជ្រុលកៀររថយន្ដស៊េរីទំនើប៣គ្រឿងបង្កឲ្យខូចខាត

ដោយ៖សហការី

ខេត្តព្រះសីហនុ ៖ រថយន្តគោយន្ដកែច្នៃពេលចុះចំណោតខូចហ្វ្រាំងបានជ្រុលទៅបុកស៊េរីទំនើបចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាត។ គ្រោះថ្នាក់ចរាចរនេះនៅតាមបណ្ដោយវិថីឯករាជ្យ ត្រង់ចំណុចខាងមុខក្លឹប E D M នៅវេលាម៉ោង៧យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តកែច្នៃសម្រាប់ដឹកអុសមួយគ្រឿងពុំមានផ្លាកកលេខបើកចុះចំណោតទិសដៅទៅតោ២មកដល់ត្រង់ចំណុចកើតហេតុខាងលើខូចហ្វ្រាំង។ រថយន្តកែច្នៃនេះបានកៀររថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AZ-6110 បើកបរទិសដៅពីតោ២ឡើងចំណោតបណ្ដាលឲ្យក្រពឹតមួយចំហៀងនិងជ្រុលទៅកៀររថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកហ្វតពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-7380 ដែលបើកមកពីតោ២ដូចគ្នា និងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាកហឹមម័រ តែរថយន្តទី៣នេះខូចខាតតិចតួចម្ចាស់ក៏បើកបន្តទៅមុខទៀតពុំបានទារសំណងការខូចខាតឡើយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរនេះដែរមិនបានបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយម្ចាស់រថយន្តខាងលើក៏ព្រមសម្របសម្រួល​គ្នានៅកន្លែងកើតហេតុ។ចំណែករថយន្តកែច្នៃត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅ​ការិយាល័យរង់ចាំម្ចាស់សងសំណងគេរួចទើបប្រគល់ឲ្យម្ចាស់វិញ៕