សន្ដិសុខសង្គម

នគរបាលឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូជាង១០នាក់ដើម្បីអប់រំនិងតម្រូវឲ្យធ្វើកិច្ចសន្យា

ដោយ៖កំចាយ

កំពត៖ កម្លាំងសមត្ថកិច្ចក្រុងបូកគោ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូ ព្រមទាំងបក្ខពួកជាង១០នាក់ដើម្បីអប់រំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត។

មន្ត្រីនគរបាលនៃធិការដ្ឋានក្រុងបូកគោលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា អ្នកដំណើរបានប្រទះឃើញក្រុមក្មេងវ័យជំទង់ ប្រុសស្រីប្រមាណជាង១០នាក់នាំគ្នាជិះម៉ូតូប្រសេចប្រសាចបម្រុងឡើងទៅលេងលើភ្នំបូកគោ។ ក្នុងចំណោមនោះមានក្មេងស្ទាវ ៤នាក់ជិះម៉ូតូ២គ្រឿងបានបង្ហោះនៅតាមដងផ្លូវបែបអនាធិបតេយ្យបំផុត។ ប្រភពដដែលបានបន្តថា ដោយព្រួយបារម្ភអំពីការបង្កគ្រោះថ្នាក់ដល់គេឯង អ្នកដំណើរក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលក្រុងបូកគោក៏តាមឃាត់ខ្លួនក្រុមទាំងនោះ រួមទាំងម៉ូតូបានចំនួន៨គ្រឿង រួចនាំមកកាន់អធិការដ្ឋានតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងទាំងនោះមកពីរាជធានីភ្នំពេញ និងធ្លាប់បង្ហោះម៉ូតូស្ទើរគ្រប់ផ្លូវដែលពួកគេបានធ្វើដំណើរឆ្លងកាត់ផងដែរ។ ដោយមានការណែនាំពីលោកស្នងការខេត្តកំពត មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅស្ថានវិញ សមត្ថកិច្ចក៏បានណែនាំពួកគេ ថែមទាំងតម្រូវឱ្យអ្នកបង្ហោះម៉ូតូ ទាំង៤នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត៕