ព័ត៌មានជាតិ

គម្រោងស្ថាបនាស្ពានបេតុងឃុំពាមប្រធ្នោះស្រុកកោះសូទិននឹងចាប់អនុវត្តនៅចុងឆ្នាំនេះ

ដោយ៖គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ គម្រោងស្ថាបនាស្ពានបេតុង ឆ្លងកាត់ព្រែកទួលធាតុ ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិនដែលជំនួយរបស់សម្តេចតេជោ ហ៊ុន សែន អនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៣ និងយ៉ាងយូរនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យដឹងបែបនេះ នៅក្នុងឱកាសដែលលោកបានដឹកនាំសហការី និងមន្ទីរ អង្គភាពចុះពិនិត្យប្រព័ន្ធផ្លូវ នៅក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ នៅចំពោះមុខប្រជាពលរដ្ឋរាប់សិបនាក់បានជួបសំណេះសំណាល នៅលើស្ពានបេតុងចាស់ទ្រុឌទ្រោមដែលមានទទឹងប្រមាណ បី ម៉ែត្រ និងបណ្តោយប្រមាណជាង ៦០ ម៉ែត្រ ក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះនាព្រឹកថ្ងៃទី ៣ កក្កដានេះ។


លោក យិន វណ្ណៈ អភិបាលស្រុកកោះសូទិនបានឱ្យដឹងថា៖ ស្ពានទួលធាតុ ជាបេតុង ប៉ុន្តែត្រូវបានសាងសង់ឡើងកំឡុងដើមសវត្សរ៍ ១៩៩០ គឺបច្ចុប្បន្នស្ពានមួយនេះ មានលក្ខណៈចាស់ទ្រុឌទ្រោម ដោយរថយន្តធុនធំមិនអាចឆ្លងកាត់បានទេ ដែលបណ្តាលឱ្យរដ្ឋបាលស្រុកកោះសូទិន តាមរយៈរដ្ឋបាលខេត្តកំពង់ចាមបានសម្រេចស្នើសុំ ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីស្ថាបនាស្ពានបេតុងថ្មី ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព៕