សន្ដិសុខសង្គម

ករណីឆេះក្លឹបយីហោ ៦៩៦៩ឃីស មនុស្សស្លាប់កើនដល់៨នាក់

ដោយ៖សុខុម

ភ្នំពេញ៖ សមត្ថកិច្ចបានឱ្យដឹងថា ករណីឆេះក្លឹប៦៩៦៩ឃីស ដំបូងរកឃើញមនុស្សស្លាប់ចំនួន៦នាក់ ប៉ុន្តែក្រោយពីចុះស៊ើបអង្កេតនិងស្រាវជ្រាវ មនុស្សឃើញស្លាប់កើនដល់ចំនួន៨នាក់គិតមកដល់ត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា៖ គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣​ ស្ថិតនៅផ្លូវ ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញមនុស្សចំនួន៨នាក់ (ប្រុស ៥នាក់ ស្រី ៣នាក់) បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆេះក្លិបកម្សាន្ត​មួយកន្លែងនេះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ អគារក្លឹបកម្សាន្តប្រភេទសំណង់ៈ ថ្មបេតុង ទំហំ ៣០ម៉ែត្រ គុណនិង៣០ម៉ែត្រ។

បជ្ឈដ្ឋានខ្លះលើកឡើងថា៖ ក្លឹបកម្សាន្តឆេះនៅម៉ោងជាង៥ល្ងាច គឺជាពេលដែលមិនទាន់មានភ្ញៀវចូលទៅក្នុងច្រើននៅឡើយ។ភាគច្រើនគឺជាបុគ្គលិកបម្រើការងារ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណសពនៅឡើយ។ ចំពោះមូលហេតុក៏មិនទាន់បង្ហាញពីលទ្ធផលនៃការចុះស៊ើបអង្កេតដែរ។អ្នកខ្លះថាអាចជាការឆ្លងចរន្តអគ្គិសនីច្រើនជាង៕