សន្ដិសុខសង្គម

បញ្ជូនបុរសលូចថតនារីកំពុងងួតទឹកទាំងអាក្រាតកាយទៅតុលាការ

ដោយ៖សុខុម
ស្ទឹងត្រែងៈសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនបុរសជនសង្ស័យម្នាក់ទៅតុលាការនៅរសៀលថ្ងៃទី២ខែកក្កដាឆ្នាំ២០២៣ពាក់ព័ន្ធ នឹងការយកទូរស័ព្ទដៃ លួចថតនារីម្នាក់ពេលងួតទឹកក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលថ្ងៃទី៣០ខែមិថុនាកន្លងទៅ។


មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះសូ វីឡា (ហៅប្រុស) អាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនថ្នាំលាប «NIPPON» មានទីលំនៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។


សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុមាននារីម្នាក់ស្រែកផ្អើលឆោឡោ ចេញពីក្នុងបន្ទប់ទឹក បន្ទាប់ពីក្រឡេកឃើញបុរសម្នាក់យកទូរស័ព្ទដៃថតសកម្មភាពនាង ពេលកំពុងអាក្រាតកាយងួតទឹកចេញពីប្រឡោះជញ្ជាំងឈើបន្ទប់ជួលក្បែរគ្នា។ភ្លាមនោះប្អូនប្រុសជីដូនមួយនារីរងគ្រោះបានឃាត់ខ្លួនជនសង្ស័យប្រគល់ទៅឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង នឹងបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរួចកសាងសំណុំរឿងបន្តទៅតុលាការ។


តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បានថតរូបភាពនារីរងគ្រោះនៅពេលងូតទឹកនោះចំនួន២លើករួចមកហើយ។ តាមការស្រាវជ្រាវនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យឃើញថា រូបភាពអាក្រា.តកា.យរបស់នារីរងគ្រោះ ត្រូវជនសង្ស័យរូបនេះ បង្ហោះចូលក្នុងគ្រុបឆាត Friend របស់ជនសង្ស័យជាច្រើន។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនមាន ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅមួយគ្រឿង។នៅរសៀលថ្ងៃទី២កក្កដាជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕