សន្ដិសុខសង្គម

កំពុងស្រាវជ្រាវរកមូលហេតុឆេះក្លឹបកម្សាន្តបណ្តាលឱ្យស្លាប់មនុស្ស៦នាក់

ដោយ៖ សុខុម

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅផ្លូវ ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សប្រុសស្រីសរុបចំនួន៦នាក់ បាត់បង់ជីវិត កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រហូតដល់ម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញ។នៅក្នុងហេតុការណ៍នោះ គេមិនទាន់ដឹងដើមហេតុដែលបណ្តាលឱ្យមាន អគ្គិភ័យកើតឡើងទេ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ អគារក្លឹបកម្សាន្តខាងលើនេះគឺជាប្រភេទសំណង់ : ថ្មបេតុង ទំហំ ៣០ម៉ែត្រ X ៣០ម៉ែត្រ។ចំពោះមនុស្សស្លាប់ចំនួន ៦ នាក់ ក្នុងនោះមានស្រី ២ ប្រុស៤។នៅក្រោយកើតហេតុ សមត្ថកិច្ចពុំទាន់ស្គាល់ពីអត្តសញ្ញាណមនុស្សទាំង៦នាក់ទេ គឺរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕