អន្តរជាតិ

រុស្ស៊ីថាឧត្តមសេនីយSergei Surovikin មិនត្រូវបានចាប់ខ្លួនទេ

ដោយ៖តុលា

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងប្រភពសារព័ត៌មានល្បីៗជាច្រើនបាននិយាយថាលោកឧត្តមសេនីយSergei Surovikin មិនត្រូវបានចាប់ខ្លួនទេ គ្រាន់តែហៅទៅសួរចម្លើយ ហើយបានលើកលែង និងថែមទាំងទទួលបានការកោតសរសើរទៀតផង។

ប្រភពផ្សព្វផ្សាយរុស្ស៊ី Vazhnye Istorii មិនបានផ្ទៀងផ្ទាត់ពីការចាប់ខ្លួនលោកឧត្តមសេនីយ៍ Surovikin ពាក់ព័ន្ធនឹងការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការបះបោររបស់មេដឹកនាំក្រុម Wagner លោក Yevgeny Prigozhin  ដូចពាក្យលេចឮនោះទេ។ ប្រភពពីរដែលជិតស្និទ្ធនឹងអគ្គសេនាធិការនិង FSB (សេវាសន្តិសុខសហព័ន្ធនៃប្រទេសរុស្ស៊ី) បាននិយាយថាSurovikinមិនត្រូវបានចាប់ខ្លួនទេហើយគាត់ក៏មិនស្ថិតនៅក្នុងពន្ធនាគារ Lefortovoដែរ  ពិតណាស់គាត់គ្រាន់តែត្រូវបានសួរចម្លើយបន្តិចបន្តួចប៉ុណ្ណោះ។

យោងតាមប្រភពBloomberg Surovikin ត្រូវបានសាកសួរអំពីការបះបោររបស់ Prigozhin ។ ឧត្តមសេនីយ “កំពុងត្រូវបានរក្សាទុកនៅកន្លែងតែមួយ ប៉ុន្តែមិននៅក្នុងពន្ធនាគារទេ ហើយអ្នកស៊ើបអង្កេតកំពុងប្រព្រឹត្តចំពោះគាត់ដោយសកម្មភាពប្រយ័ត្នប្រយែងជាទីបំផុត និយាយឲ្យស្រួលស្តាប់គឺទុកមុខឲ្យគាត់យ៉ាងខ្លាំង ព្រមទាំងកោតសរសើរចំពោះសមិទ្ធផលរបស់ Surovikin ជាមួយកងទ័ព ដើម្បីជៀសវាងការបង្កជម្លោះបន្ថែមទៀតក្នុងជួរយោធា និងផ្ទៃក្នុងរុស្ស៊ី”។

ប្រភព Z-channels បានសរសេរថានៅថ្ងៃទី ២៩ ខែមិថុនា Surovikin ត្រូវបានចោទប្រកាន់ថាបានចូលរួមកិច្ចប្រជុំនៅទីក្រុង Rostov-on-Don។ លោក Sergei Shoigu បានចោទប្រកាន់លោក Surovikin ពីបទក្បត់ជាតិ ប៉ុន្តែពួកគេភ័យខ្លាចមិនហ៊ានចាប់ខ្លួនឧត្តមសេនីយ ទេដោយសារតែមន្រ្តីជាច្រើនស្រឡាញ់គាត់។ Shoigu នឹងព្យាយាមលាបពណ៌ Surrovikin តាមដែលអាចធ្វើទៅបាន៕